ពត៌មានទូទៅ
អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ីឡើងដល់ជាង ៣០០នាក់
ចំនួនអ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា នៃប្រទេសនេះ បានកើនឡើងដល់ ៣០៣នាក់ហើយ ពោលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង ១៧០នាក់ពីមុន ខណៈរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ។
ផ្នែកធំៗនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍មកហើយ ជាមួយនឹងព្យុះត្រូពិកដ៏កម្រមួយទៀត កំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកា។
ប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ី លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា មនុស្សយ៉ាងតិច ២៧៩នាក់ នៅតែបាត់ខ្លួន ដែលនាំឱ្យមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើន ខណៈមនុស្សប្រហែល ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយរាប់រយនាក់នៅតែជាប់គាំងនៅក្នុងខេត្តចំនួន៣ ទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ចុងខាងលិចរបស់ឥណ្ឌូនេស៊ី។
ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយ បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្តល់ជំនួយ និងសម្រាប់ការដឹកជញ្ជូននៅផ្នែកខាងជើងនៃកោះ ជាទីដែលរងគ្រោះខ្លាំងបំផុត។ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំផ្លាញដោយបំណាក់ដីទ្រង់ទ្រាយធំ៕