ពត៌មានទូទៅ
ព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតកំពុងវាយប្រហារប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំ
ព្យុះភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងរយៈពេល៣០០ ឆ្នាំ បានវាយប្រហារភាគខាងត្បូងប្រទេសថៃ។ បើយោងតាមក្រសួងសុខាភិបាលថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩នាក់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ដែលភាគច្រើនបណ្តាលមកពីការឆក់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់ ។
ភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានគេឃើញនៅក្នុងទីក្រុង ហាតយ៉ៃ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តសុងក្លា ដែលបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០០ ឆ្នាំ។ បើយោងតាមទូរទស្សន៍ CNN ទឹកជំនន់កម្ពស់ជិត៣ម៉ែត្របានកាត់ផ្តាច់ប្រព័ន្ធសេវាកម្មនានាជាហេតុនាំឲ្យមានផលប៉ះពាល់ច្រើន។
អភិបាលខេត្តសុងក្លារបស់ថៃ បានប្រកាសតំបន់ទាំងមូលជាតំបន់គ្រោះមហន្តរាយ និងបានបញ្ជាឱ្យជម្លៀសប្រជាជនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យស្រុកជាច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់។
មកដល់ដើមសប្ដាហ៍នេះ ខេត្តចំនួន៩នៅទូទាំងភាគខាងត្បូងប្រទេសថៃនៅតែលិចលង់ ដែលប៉ះពាល់ដល់មនុស្សជាង ១២៧.០០០ គ្រួសារ ។ កន្លែងខ្លះមានភ្លៀងធ្លាក់កម្រិតជិត ៤០០ មីលីម៉ែត្រ បន្ថែមភាពកាន់តែធ្ងន់ធ្ងរដោយសារទឹកទន្លេហូរហៀរ និងទឹកជំនន់ដ៏គំហុក៕