ពត៌មានទូទៅ
អគ្គិភ័យឆេះហាងនៅម៉ិកស៊ិកបណ្ដាលឲ្យស្លាប់មនុស្ស ២៣នាក់
អគ្គិភ័យបានឆាបឆេះហាងលក់ទំនិញបញ្ចុះតម្លៃមួយកន្លែង នៅកណ្តាលទីក្រុង Hermosillo ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ ហើយរាប់សិបនាក់ទៀតរងរបួស។
ប្រទេសម៉ិកស៊ិកកំពុងប្រារព្ធ«បុណ្យមរណៈ» នៅចុងសប្តាហ៍នេះ ដោយមានការស្លៀកពាក់តុបតែងមុខមាត់ចម្រុះពណ៌ ដែលក្រុមគ្រួសារសម្ដែងក្ដីគោរព និងចងចាំដល់មនុស្សជាទីស្រលាញ់ដែលបានលាចាកលោកនេះទៅហើយ។
អភិបាលរដ្ឋ Sonora លោក Alfonso Durazo បានលើកឡើងនៅក្នុងវីដេអូលើបណ្ដាញសង្គមថា៖ «ខ្ញុំបានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងតម្លាភាព ដើម្បីបញ្ជាក់ពីមូលហេតុនៃហេតុការណ៍នេះ»។ ក្មេងៗក៏មានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះដែរ។ចំណែកលោក Gustavo Salas អគ្គរដ្ឋអាជ្ញារបស់រដ្ឋនេះ បាននិយាយថា អ្នកបាត់បង់ជីវិតភាគច្រើន គឺទំនងជាដោយសារស្រូបយកហ្គាសពុល។ កាកបាទក្រហមរបស់រដ្ឋ Sonora ឲ្យដឹងថា បុគ្គលិករបស់ខ្លួនចំនួន ៤០នាក់ និងរថយន្តសង្គ្រោះ ១០គ្រឿង បានចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ។ មូលហេតុនៃការឆាបឆេះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះជាបណ្តាញសារព័ត៌មានមួយចំនួន បានរាយការណ៍ការថា អាចមកពីឆ្លងចរន្តអគ្គិសនីក៏ដោយ៕