ពត៌មានទូទៅ
ក្រុមហ៊ុនម្សៅលាបខ្លួនទារក J&J នៅអាមេរិក ត្រូវបង់ពិន័យជិត ១ពាន់លានដុល្លារ ក្នុងសំណុំរឿងបង្កមហារីក
គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Johnson & Johnson (ហៅកាត់ថា J&J) មានកំហុស ហើយត្រូវបង់ប្រាក់ចំនួន ៩៦៦លានដុល្លារ ដល់គ្រួសារស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺមហារីកកោសិការ មេសូតេលីយ៉ូម៉ា (Mesothelioma) ក្នុងការកាត់ក្ដីចុងក្រោយបំផុតដែលចោទថា ផលិតផលម្សៅលាបខ្លួនទារកផ្អែកលើសារធាតុម្យ៉ាងឈ្មោះ ថាក (Talc) របស់ក្រុមហ៊ុននេះ បណ្តាលឱ្យមានជំងឺមហារីក។
ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ Mae Moore ជាអ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា ដែលស្លាប់នៅអាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០២១ បានប្តឹងក្រុមហ៊ុនក្នុងឆ្នាំដដែលនេះ ដោយអះអាងថា ផលិតផលម្សៅលាបខ្លួនទារកប្រភេទ Talc របស់ J&J មានផ្ទុកជាតិរ៉ែម្យ៉ាងឈ្មោះ អាបស្តូស (Asbestos) ដែលបណ្តាលឱ្យកើតជំងឺមហារីក។
កាលពីថ្ងៃចន្ទ គណៈវិនិច្ឆ័យបានបញ្ជាឱ្យ J&J បង់ប្រាក់សំណង ១៦លានដុល្លារ និងប្រាក់ពិន័យ ៩៥០លានដុល្លារ នេះបើយោងតាមឯកសារតុលាការ។
លោក Erik Haas អនុប្រធានផ្នែកវិវាទសកលរបស់ J&J បាននិយាយថា ក្រុមហ៊ុនគ្រោងប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយហៅសាលក្រមនេះថា “គួរឱ្យភ្ញាក់ផ្អើល និងមិនស្របតាមរដ្ឋធម្មនុញ្ញ”។
ក្រុមហ៊ុននិយាយថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាពណាស់ មិនមានផ្ទុកសារធាតុអាបស្តូស និងមិនបង្កមហារីកនោះទេ។ J&J បានឈប់លក់ម្សៅលាបខ្លួនកូនក្មេងដែលផ្អែកលើសារធាតុ Talc នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ដោយប្តូរទៅប្រើប្រភេទផ្សេងជំនួសវិញ។
គួរឱ្យដឹងថា ក្រុមហ៊ុន J&J កំពុងប្រឈមនឹងការប្តឹងផ្តល់ពីដើមបណ្តឹងជាង ៦៧.០០០នាក់ ដែលអះអាងថា ពួកគេត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក បន្ទាប់ពីប្រើម្សៅលាបខ្លួនទារក និងផលិតផលមានសារធាតុ Talc ផ្សេងទៀត របស់ក្រុមហ៊ុននេះ។ នេះបើយោងតាមឯកសាររបស់តុលាការ។
J&J បានព្យាយាមដោះស្រាយវិវាទតាមរយៈការប្រកាសក្ស័យធន ប៉ុន្តែសំណើនោះត្រូវបានច្រានចោល ៣ដងមកហើយដោយតុលាការសហព័ន្ធ៕