កម្សាន្ត
សិល្បករថតរូប ម៉ក់ រ៉េមីស្សា ស្ថាបនិក «ទីលាននិម្មិត» ក្នុងគោលបំណងផ្តល់នូវការអប់រំផ្នែកសិល្បៈថតរូបដល់យុវជនជំនាន់ក្រោយ
សិល្បករថតរូបរបស់ទីលាននិម្មិតចំនួន០៧រូប តាំងបង្ហាញស្នាដៃដំបូងរបស់ខ្លួននៅខេត្តសៀមរាប សិល្បករថតរូប រួមមាន៖ លោក កឹម សុវណ្ណា កញ្ញា កែវ កញ្ញា លោក ឆូយ ប៊ុនសុខហេង លោក ផន វាសនា លោក លី សុវណ្ណា លោក យូ ប៊ុនចាន់ និងលោក សឿន សាយ័ន្តសន្យា បានយកស្នាដៃរបស់ខ្លួនតាំងបង្ហាញក្នុងពិព័ណ៌ជាក្រុមលើកដំបូង នៅវិចិត្រសាល Treeline Urban Village ខេត្តសៀមរាប។
ស្នាដៃរបស់សិល្បករ ទីលាននិម្មិត បង្ហាញក្នុងពិព័រណ៌ ចាប់ពីថ្ងៃទី ០៩ មេសា ដល់ថ្ងៃទី ០៩ ឧសភា ឆ្នាំ២០២៥នេះ ផ្តោតជាចម្បងលើការលើកកម្ពស់ការយល់ដឹងអំពី បញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការលើកទឹកចិត្ត ការអប់រំ សុខភាព ការកសាងសន្តិភាព និងបញ្ហាគ្រួសារ ដែលជាបញ្ហាប្រឈមសំខាន់ៗត្រូវដោះស្រាយ ដើម្បីចូលរួមប្រែក្លាយសង្គមអោយកាន់តែមានភាពប្រសើរឡើង។
សិល្បករថតរូប ម៉ក់ រ៉េមីស្សា ដែលជាស្ថាបនិក «ទីលាននិមិត្ត» បានឲ្យដឹងថា ការបង្កើត «ទីលាននិមិត្ត» កាលពីឆ្នាំ២០២៣ កន្លងមក គឺក្នុងគោលបំណងផ្តល់នូវការអប់រំផ្នែកសិល្បៈថតរូបដល់យុវជនជំនាន់ក្រោយ។ សិល្បករថតរូបជើងចាស់ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ពីក្រសួងវប្បធម៌បារាំង «ផ្នែកសិល្បៈ និងអក្សរសាស្រ្ត» រូបនេះបានលើកឡើងថា៖ ទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ ទីលាននិម្មិត បានបញ្ចប់ការបណ្តុះបណ្តាលសិស្សថ្នាក់មធ្យមសិល្បៈនៃការថតរូបដំបូងរបស់ខ្លួនដោយជោគជ័យដោយទទួលបានសិល្បករឆ្នើម។ សិល្បករថតរូបចំនួន ០៧រូប បានបង្កើតស្នាដៃលើប្រធានបទផ្សេងៗគ្នា និងមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនលើសពីការរំពឹងទុក។ អ្នកទស្សនាមានការចាប់អារម្មណ៍ និងកោតសរសើរពីទេពកោសល្យសិល្បករថតរូបម្នាក់ៗផងដែរ។
មានស្នាដៃរូបថតជាច្រើនត្រូវបានយុវជនជាសិល្បករថតរូបទាំង ០៧នាក់របស់ «និម្មិត» យកមកតាំងបង្ហាញនៅក្នុងពិព័ណ៌រយៈពេល០១ខែ នៅលើទឹកដីអង្គរនាពេលនេះ៕