ចំណេះដឹងទូទៅ
ការអភិវឌ្ឍជាតិប្រកបដោយចក្ខុវិស័យ សុច្ឆន្ទៈ និងការប្រើប្រាស់សក្តានុពលពេញលេញ
ជីវិតមនុស្សមានរយៈពេលខ្លីនិងមិនអមតៈឡើយ ប៉ុន្តែតម្លៃនៃជីវិតត្រូវបានវាស់វែងតាមរយៈស្នាដៃ ការខិតខំប្រឹងប្រែង និងការបូជាកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីឧត្តមប្រយោជន៍របស់ខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោក។ ក្នុងនាមជាបុគ្គលម្នាក់ដែលមានតួនាទី និងជាពិសេសក្នុងនាមជាអ្នកដឹកនាំដែលមានសិទ្ធិ អំណាច និងអធិបតេយ្យលើទឹកដី ការបំពេញភារកិច្ចមិនត្រឹមតែជាការទទួលខុសត្រូវធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មជាប្រវត្តិសាស្ត្រ។ ការអភិវឌ្ឍជាតិមួយមិនអាចកាត់ផ្តាច់ចេញពីការបោះជំហានយ៉ាងរហ័សរហួន និងការចេះរៀនសូត្រពីបទពិសោធរបស់ប្រទេសដែលទទួលបានជោគជ័យនោះឡើយ។ ដើម្បីដឹកនាំនិងគ្រប់គ្រងសង្គមជាតិឱ្យឈានឆ្ពោះទៅរកការរីកចម្រើនពេញលេញ សន្តិភាព និងភាពសុខដុមរមនា អ្នកដឹកនាំចាំបាច់ត្រូវមានទស្សនវិជ្ជា ចក្ខុវិស័យ យុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។
ឈរលើមូលដ្ឋានគ្រឹះនៃបេសកកម្មដ៏មានតម្លៃនេះ ដើម្បីធានាឱ្យដំណើរការនៃការដឹកនាំជាតិប្រព្រឹត្តទៅបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ការគ្រប់គ្រងប្រទេសជាតិមួយមិនអាចប្រព្រឹត្តទៅបានដោយគ្រាន់តែអាស្រ័យលើភាពចៃដន្យ ឬការសម្រេចចិត្តបែបអត្តនោម័តិនោះឡើយ វាទាមទារយ៉ាងតឹងរឹងនូវទស្សនវិជ្ជានិងចក្ខុវិស័យវែងឆ្ងាយ ដោយអ្នកដឹកនាំត្រូវមានការគិតហ្មត់ចត់ (Critical Thinking) ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ជាតិ ដោយមើលឃើញពីការវិវត្តរបស់ពិភពលោក និងតម្រូវការរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ព្រមទាំងមានផែនការយុទ្ធសាស្ត្រនិងរចនាសម្ព័ន្ធស្ថាប័នល្អនិងរស់រវើក សង្កត់ធ្ងន់លើប្រសិទ្ធភាពការងារ និងការបែងចែកអំណាចស្របតាមច្បាប់ ដើម្បីធានាថាគ្រប់ស្ថាប័នរដ្ឋអាចដំណើរការបានយ៉ាងរលូននិងអាចបញ្ចៀសភាពមិនប្រក្រតីដូចជា កង្វះប្រសិទ្ធភាពការងារ អំពើពុករលួយ អំពើអយុត្តិធម៌ និងបក្សពួកនិយមជាដើម គួបផ្សំជាមួយនឹងការបង្ហាញនូវសុច្ឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ព្រោះសុច្ឆន្ទៈគឺជាព្រលឹងនៃការដឹកនាំដែលនាំឱ្យយកឈ្នះលើឧបសគ្គនិងការលំបាកទាំងឡាយ។
ក្រៅពីទស្សនវិជ្ជា និងផែនការយុទ្ធសាស្ត្រដ៏មុតស្រួចនេះ វឌ្ឍនភាពសង្គមជាតិក៏មិនអាចកាត់ផ្តាច់ចេញពីមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុតមួយទៀតបានដែរ នោះគឺគោលដៅអាយុជីវិត និងសេចក្តីសុខរបស់សង្គមជាតិដែលអាស្រ័យជាមូលដ្ឋានទៅលើកត្តាសន្តិភាព ដែលអ្នកដឹកនាំត្រូវធានាឱ្យបាននូវសន្តិភាពនិងសន្តិសុខ ធ្វើឱ្យមាននូវស្ថិរភាពនយោបាយនិងសន្តិសុខសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានពីព្រោះគ្មានការអភិវឌ្ឍណាមួយអាចកើតមានឡើងបានឡើយនៅលើផែនដីនេះប្រសិនគ្មានសន្តិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈនិងនីតិរដ្ឋ ដែលការប្រើប្រាស់អំណាចត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ដោយប្រកាន់ខ្ជាប់នូវភាពបរានុម័តិ គឺការវាយតម្លៃការសម្រេចចិត្តនិងការអនុវត្តច្បាប់ដោយផ្អែកលើការណ៍ពិតនិងផលប្រយោជន៍ជាតិជាធំ មិនមែនប្រកាន់បក្សពួកឬផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ព្រមទាំងការធានាភាពសុខដុមរមនាក្នុងសង្គមតាមរយៈការគ្រប់គ្រងដែលផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ទៅនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌ សីលធម៌ និងការរស់នៅដោយសុខដុមរមនារវាងមនុស្សនិងមនុស្ស ព្រមទាំងរវាងមនុស្សនិងបរិស្ថានធម្មជាតិ។
នៅពេលដែលសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានធានារ៉ាប់រងយ៉ាងរឹងមាំហើយ បញ្ហាបន្ទាប់ដែលទាមទារការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញកង់សេដ្ឋកិច្ចជាតិឱ្យបោះជំហានទៅមុខ គឺការចេះចល័តនិងប្រើប្រាស់ធនធានគ្រប់ជ្រុងជ្រោយ ព្រោះប្រទេសជាតិមួយនឹងមានភាពរីកចម្រើនពេញលេញទៅបាន លុះត្រាតែមានការចេះប្រមូលផ្តុំនិងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពីសក្តានុពល ដូចជា ធនធានមនុស្សនិងសង្គម តាមរយៈការអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋ ការផ្តល់ឱកាស និងការបំផុសស្មារតី ព្រមទាំងកម្លាំងកាយរបស់ប្រជាជនគ្រប់រូបឱ្យបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលជាសិល្បវិធីដ៏មានឥទ្ធិពលបំផុតក្នុងការជំរុញសង្គមឱ្យបោះជំហានទៅមុខ ឯការបម្លែងធនធានធម្មជាតិនិងថាមពល រួមបញ្ចូលទាំងការទាញយកផលឬរ៉ែពីក្នុងដី ក្នុងទឹក និងក្នុងសមុទ្រ ព្រមទាំងការច្នៃប្រឌិតប្រភពថាមពលផ្សេងៗដូចជា វារីអគ្គិសនី ថាមពលខ្យល់ ថាមពលព្រះអាទិត្យ និងធនធានអំណោយផលដទៃទៀត ក៏ត្រូវតែធ្វើឡើងដោយមានការគិតគូរអំពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបម្រើឱ្យគោលដៅធ្វើឱ្យប្រទេសជាតិរីកចម្រើនទាន់សម័យ និងមានភាពឯករាជ្យម្ចាស់ការ។
ការចល័ត និងការប្រើប្រាស់ធនធានទាំងនេះឱ្យអស់ពីសក្តានុពល មិនមែនជាទ្រឹស្តីអរូបីនោះឡើយ ប៉ុន្តែត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែង និងគួរឱ្យស្ងើចសរសើរតាមរយៈគំរូអភិវឌ្ឍន៍សកលដ៏លេចធ្លោរមួយ ដូចជាគំរូជាក់ស្តែងនៃការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសចិន ដែលជាការណ៍ពិតណាស់ថា ការអភិវឌ្ឍជាតិមួយមិនអាចកាត់ផ្តាច់ចេញពីការបោះជំហានយ៉ាងស្វាហាប់ និងការចេះរៀនសូត្រពីបទពិសោធរបស់ប្រទេសជោគជ័យឡើយ ដូចដែលយើងឃើញជាក់ស្តែងតាមរយៈការរីកចម្រើនដ៏ខ្ពស់ត្រដែតរបស់ប្រទេសចិនដែលពីមុនធ្លាប់ដើរក្រោយប្រទេសដទៃ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាមហាអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលភាពជោគជ័យដ៏ធំធេងនេះត្រូវបានជំរុញដោយកត្តាស្នូលមួយចំនួន រួមមាន ការដឹកនាំនិងនយោបាយដែលប្រទេសចិនបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏មុតស្រួច មានចក្ខុវិស័យ យុទ្ធសាស្ត្រវែងឆ្ងាយ និងមានស្ថិរភាពនយោបាយរឹងមាំដែលអាចកំណត់គោលដៅអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយភាពស៊ីចង្វាក់គ្នា ព្រមទាំងការគ្រប់គ្រងគ្រប់វិស័យនិងរចនាសម្ព័ន្ធស្ថាប័នតាមរយៈការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋឱ្យមានភាពស្វាហាប់ ប្រសិទ្ធភាពខ្ពស់ និងការសម្របសម្រួលគោលនយោបាយគ្រប់វិស័យយ៉ាងទូលំទូលាយដែលធ្វើឱ្យរដ្ឋាភិបាលអាចចល័តធនធានជាតិទាំងមូលឆ្ពោះទៅរកគោលដៅតែមួយ។ មិនតែប៉ុណ្ណោះ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងថ្នល់ ត្រូវបានកសាងឡើងយ៉ាងទំនើប រួមមានផ្លូវថ្នល់ល្បឿនលឿន ផ្លូវដែកល្បឿនលឿន (High-speed rail) ដែលភ្ជាប់គ្រប់តំបន់យ៉ាងគគ្រឹកគគ្រេង ស្ពានខ្សែកាបខ្នាតយក្សឆ្លងកាត់ភ្នំ និងសមុទ្រដ៏ស្មុគស្មាញ និងប្រព័ន្ធភស្តុភារកម្ម (Logistics) យ៉ាងរហ័សរហួន គួបផ្សំជាមួយនឹងសេដ្ឋកិច្ច ឧស្សាហកម្ម និងសេវាកម្ម តាមរយៈការធ្វើឧស្សាហូបនីយកម្មទំនើប ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិម្មិត (AI) និងការកសាងប្រព័ន្ធសេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្មសកលដែលធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងយ៉ាងខ្លាំងក្លា និងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ព្រមទាំងសង្គមវប្បធម៌និងការអភិវឌ្ឍបៃតង តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ចំណាស់ផ្សារភ្ជាប់នឹងសម័យកាលឌីជីថល ការកសាងសង្គមសុខដុមរមនា ការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រទ្រង់ទ្រាយធំ និងការជំរុញកិច្ចអភិវឌ្ឍន៍បៃតង ដែលបានធ្វើឱ្យសង្គមចិនមានភាពរីកចម្រើនទាំងផ្នែកសម្ភារៈ ស្មារតី និងបរិស្ថាន។
មេរៀននិងបទពិសោធដ៏សម្បូរបែបពីភាពជោគជ័យនេះ បានផ្ដល់គំរូយ៉ាងច្បាស់ដល់យើងថាការអភិវឌ្ឍមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវជំហានជាក់ស្តែង និងការឈានឆ្ពោះទៅមុខដោយស្មារតីអត់ធ្មត់ ព្រោះការអភិវឌ្ឍប្រទេសជាតិមិនអាចសម្រេចបានក្នុងពេលតែមួយឬត្រឹមតែមួយរំពេចបានឡើយ ដូចនៅក្នុងបណ្តាប្រទេសនានាដែលបាននិងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យគឺថ្នាក់ដឹកនាំនិងប្រជាជនរបស់ពួកគេបានគិតគូរនិងអនុវត្តជាក់ស្តែងដោយការប្រឹងប្រែងរាប់រយឆ្នាំមកហើយ ហេតុនេះបើយើងមិនចាប់ផ្តើមចេញដំណើរពីឥឡូវនេះទេ នោះយើងនឹងនៅតែបន្តស្ថិតក្នុងភាពយឺតយ៉ាវឬមិនអាចទៅមុខរួចដែរ។
សរុបមក ការណ៍ដែលប្រទេសចិនអាចស្ទុះងើបឡើងយ៉ាងខ្លាំងក្លា ក៏ព្រោះតែប្រទេសនេះហ៊ានចាប់ផ្តើមចេញដំណើរ មានរចនាសម្ព័ន្ធដឹកនាំរឹងមាំ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់ធនធានមនុស្ស និងសក្តានុពលធម្មជាតិឱ្យអស់ពីលទ្ធភាព។ ដូច្នេះ មាគ៌ានៃការអភិវឌ្ឍប្រទេសរបស់យើង ក៏ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីសកម្ម ទស្សនវិជ្ជាវែងឆ្ងាយ និងការហ៊ានសម្រេចចិត្តធ្វើសកម្មភាពតាមដំណាក់កាល ដើម្បីនាំសង្គមជាតិឈានទៅរកភាពសុខដុមរមនា និងការរីកចម្រើនពេញលេញជាអនេកប្បការ។
មនុស្សយើងម្នាក់ៗ ពិសេសអ្នកដែលមានតួនាទីភារកិច្ច និងអំណាចដឹកនាំរដ្ឋ ត្រូវតែប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាព និងអធិបតេយ្យភាពឱ្យអស់ពីលទ្ធភាព។ តាមរយៈការមានទស្សនវិជ្ជាជ្រាលជ្រៅ ចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រច្បាស់លាស់ សុច្ឆន្ទៈមុតស្រួច ការរៀនសូត្រពីគំរូអភិវឌ្ឍន៍សកល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍ យើងមិនត្រឹមតែអាចសង្គ្រោះ និងលើកស្ទួយជីវិតខ្លួនឯងនិងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងអាចកសាងសង្គមជាតិមួយឱ្យមានសន្តិភាព សន្តិសុខ ភាពរីកចម្រើនពេញលេញ និងភាពសុខដុមរមនាស្របតាមទំហំសក្តានុពលនៃប្រទេសជាតិយើងទៀតផង៕