ព័ត៌មានអន្តរជាតិ
ធ្លាក់យន្តហោះយោធានៅនីហ្សេរីយ៉ា បណ្តាលឱ្យមនុស្ស ៣២នាក់ស្លាប់
លោកប្រធានាធិបតី Bola Tinubu បានប្រកាសនៅថ្ងៃទី៦ ខែតុលានេះថា យន្តហោះរបស់កងទ័ពអាកាសនីហ្សេរីយ៉ាមួយគ្រឿងបានធ្លាក់កាលពីថ្ងៃចន្ទ នៅភាគនិរតីនៃប្រទេស ដោយបានសម្លាប់មនុស្សទាំង ៣២នាក់ដែលនៅលើនោះ ហើយលោកក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃផងដែរ។
នេះគឺជាគ្រោះថ្នាក់ផ្លូវអាកាសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកមួយនេះ។
ប្រធានាធិបតី និងកងទ័ពអាកាសបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរនោះកំពុងស្ថិតក្នុង «បេសកកម្មជាប្រចាំ» ពីទីក្រុង Benin City នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នៅពេលដែលវាបានធ្លាក់នៅតំបន់ Igbokoda ក្នុងរដ្ឋ Ondo ភាគនិរតី ប្រហែលម៉ោង ៩:០០ព្រឹក បន្តិច។
យោងតាមការិយាល័យរបស់លោក Tinubu បានចេញសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អ្នកដំណើរចំនួន ២៥នាក់ និងបុគ្គលិកយន្តហោះចំនួន ៧នាក់ដែលបានជួបគ្រោះថ្នាក់នេះ»។
លោកបានបន្តថា «នេះគឺជាពេលវេលាដ៏ឈឺចាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង និងសម្រាប់ប្រជាជាតិទាំងមូល»។
គូសបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះគឺជាប្រភេទ ATR-42 ដែលជាយន្តហោះម៉ាស៊ីនពីរប្រភេទ turboprop ហើយក្រុមហ៊ុនផលិតបានអះអាងថា វាអាចដឹកអ្នកដំណើរបានចន្លោះពី ៣០ ទៅ ៥០ នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបាន «បញ្ជាឱ្យកងទ័ពអាកាសនីហ្សេរីយ៉ាចាប់ផ្តើមការស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាបន្ទាន់ទៅលើមូលហេតុនៃការធ្លាក់យន្តហោះនេះ ដើម្បីការពារកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀតនៅពេលអនាគត»៕