ចំណេះដឹងទូទៅ
ការយល់ខុសគ្នាអំពីការបោះបាយបិណ្ឌ គួរតែជាភាពចម្រុះពណ៌នៃសមរភូមិគំនិត មិនគួរក្លាយជាចលករនៃការបំបែកបំបាក់សាមគ្គីភាពនោះទេ
ការជជែកដេញដោលអំពី «ពិធីបោះបាយបិណ្ឌ» នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ។ ការខ្វែងគំនិតគ្នារវាងព្រះសង្ឃអ្នកជឿនលឿនដែលប្រកាន់យកហេតុផលតាមធម៌វិន័យ និងព្រះសង្ឃ/ពុទ្ធបរិស័ទដែលប្រកាន់យកប្រពៃណីជំនឿដោយឥតសង្ស័យ បានបង្កើតជាសំណួរដ៏សំខាន់មួយថា៖ តើយើងគួរយល់ឃើញ និងសម្របសម្រួលបែបណា ដើម្បីកុំឱ្យជំនឿ និងហេតុផល ក្លាយជាដើមហេតុនៃភាពបែកបាក់សាមគ្គីភាពក្នុងសង្គម?
ប្រសិនបើពិចារណាទៅលើ ហេតុផលតាមផ្លូវធម៌ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីគោលការណ៍ហេតុនិងផល ជាពិសេសតាមរយៈ «កាលាមសូត្រ»។ ផ្អែកលើព្រះត្រៃបិដក ព្រះថេរានុត្ថេរៈជាច្រើនអង្គ ដូចជា ព្រះរាជគុណ ហាក់ សៀងហៃ និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាដើម បានបំភ្លឺថា ការធ្វើទានដែលទទួលបានផលដល់អ្នកចែកឋាន ឬប្រេត ទាមទារឱ្យមាន «បដិគ្គាហក» គឺអ្នកទទួលទានដែលមានសីល (ព្រះសង្ឃ) ព្រមទាំងការវេរប្រគេន និងការ «អនុមោទនា» ត្រេកអរពីសំណាក់ពួកប្រេតទាំងនោះ។ ផ្ទុយទៅវិញ ការយកបាយទៅបោះនៅលើដី ឬជុំវិញព្រះវិហារ មិនមានចែងក្នុងព្រះត្រៃបិដកថាជាវិធីបញ្ជូនអាហារទៅដល់ប្រេតឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាខ្វះអនាម័យក្នុងវត្តអារាមទៀតផង ដោយសារសកម្មភាពនេះជានិមិត្តរូបនៃជំនឿប្រជាប្រិយ ឬព្រលឹងនិយមដែលបូកបញ្ចូលជាមួយពុទ្ធសាសនាប៉ុណ្ណោះ។ ការចេញមកបំភ្លឺរបស់ព្រះសង្ឃ មិនមែនជាការប្រមាថមើលងាយជំនឿអ្នកស្រុកឡើយ ប៉ុន្តែគឺជា «កាតព្វកិច្ចសង្ឃ» ក្នុងការបញ្ជ្រាបបញ្ញានិងសច្ចភាពដល់ពុទ្ធសាសនិក ដើម្បីឱ្យការធ្វើបុណ្យទទួលបានផលផ្លែផ្កាត្រឹមត្រូវតាមផ្លូវធម៌។
ទន្ទឹមនឹងទស្សនៈតាមផ្លូវធម៌នេះដែរ ជំនឿ និងប្រពៃណី ក៏មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងការធ្វើជាស្ពានភ្ជាប់ចិត្តមនុស្ស។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ពិធីបោះបាយបិណ្ឌនាវេលាម៉ោង៤ព្រឹក បានក្លាយជាទម្លាប់និងវប្បធម៌នៃកតញ្ញុតា ដែលការបានធ្វើសកម្មភាពនេះផ្ទាល់ដៃ ផ្តល់នូវអារម្មណ៍ជ្រះថ្លា ធូរស្រាលក្នុងចិត្ត និងមានអារម្មណ៍ថាបានបំពេញភារកិច្ចជូនដូនតា។ ម៉្យាងទៀត នៅក្នុងពិភពនៃជំនឿអរូបី និងព្រលឹង សាសនានានាក្នុងលោកសុទ្ធតែមានធាតុផ្សំដែលវិទ្យាសាស្ត្រមិនទាន់អាចយកទៅពិសោធឃើញជាក់ស្តែង បាន១០០% នៅឡើយ ប៉ុន្តែ «ជំនឿ» ទាំងនេះនៅតែជាបង្អែកផ្លូវចិត្តដ៏សំខាន់របស់មនុស្សជាតិដែលមានជំនឿក្នុងការរស់នៅពួកគេ។
ដើម្បីកុំឱ្យទស្សនៈខុសគ្នានេះក្លាយជាជម្លោះសាសនាឬបំបែកបាក់សាមគ្គីភាពសង្គម យើងគួរសម្លឹងមើលបញ្ហានេះតាមរយៈគោលការណ៍ «យោគយល់និងពិចារណា» ដោយឈរលើមុំ៣យ៉ាង គឺ បញ្ញានាំផ្លូវ (ការរៀនសូត្រអំពីធម៌អាថ៌តាមបែបហេតុផល) ការគោរពសិទ្ធិភាគី (ការយល់ថាជំនឿជាសិទ្ធិផ្ទាល់ខ្លួននិងមិនបង្ខិតបង្ខំ) និងស្មារតីរួបរួម (ការមិនយកត្រូវ-ខុសមកបំបែកបាក់បងប្អូន)។
ការអនុវត្តជាក់ស្តែងដែលប្រកបដោយភាពទន់ភ្លន់និងបត់បែន គឺដំបូងឡើយ យើងត្រូវទុកឱ្យ «បញ្ញា» និង «ជំនឿ» ដើរទន្ទឹមគ្នាដោយមិនបំបាក់គ្នា។ អ្នកដែលយល់ដឹងពីហេតុផលតាមផ្លូវធម៌ មិនគួរមើលងាយឬសើចចំអកឱ្យអ្នកដែលនៅតែបោះបាយបិណ្ឌឡើយ ហើយអ្នកដែលបន្តអនុវត្តប្រពៃណីនេះ ក៏មិនគួរខឹងសម្បារឬចោទប្រកាន់ព្រះសង្ឃដែលបំភ្លឺតាមធម៌វិន័យដែរ ពីព្រោះព្រះសង្ឃបំភ្លឺដើម្បី«ពង្រីកបញ្ញា» រីឯប្រជាជនធ្វើគឺដើម្បី «សេចក្តីសុខខាងផ្លូវចិត្តតាមជំនឿផ្ទាល់ខ្លួន»។ លើសពីនេះទៅទៀត យើងគួរប្រកាន់យកគោលការណ៍ «អ្នកជឿធ្វើ-អ្នកមិនជឿកុំរារាំង»។ ចំពោះអ្នកដែលជ្រះថ្លានឹងការបោះបាយបិណ្ឌ អាចបន្តធ្វើបាន ប៉ុន្តែគួរបន្ថែមការប្រុងប្រយ័ត្នលើអនាម័យ ដោយបោះក្នុងកន្លែងដែលវត្តរៀបចំជូន ដូចជាបោះលើកន្ទេល ចង្អែ ឬកញ្ជើ ដែលអាចប្រមូលដុំបាយទាំងនោះមកច្នៃធ្វើជាបាយក្តាំង បាយក្រៀម ឬចំណីសត្វ ហើយកុំភ្លេចធ្វើទានធំ គឺការរាប់បាត និងប្រគេនភត្តាហារដល់ព្រះសង្ឃដែលជាខ្លឹមសារដើម។ ចំណែកអ្នកដែលមិនជឿលើការបោះបាយបិណ្ឌ ក៏អាចរំលងពិធីនេះ ហើយចូលរួមតែពិធីរាប់បាត វេរភត្តាហារ និងស្តាប់ធម៌ទេសនាដោយចិត្តស្ងប់បានដែរ។
ជាទីបញ្ចប់ យើងត្រូវរំលឹកខ្លួនឯងថា ខ្លឹមសារពិតនៃបុណ្យភ្ជុំបិណ្ឌមិនមែនស្ថិតនៅលើតែ «គ្រាប់បាយបិណ្ឌដែលបោះចោលលើដី»នោះទេ ប៉ុន្តែ វាស្ថិតនៅលើកតញ្ញុតាធម៌ចំពោះដូនតា សាមគ្គីភាពក្នុងគ្រួសារនិងសង្គម និងការចែករំលែកទានដល់អ្នកខ្វះខាត។ សង្គមខ្មែរនឹងមានសន្តិភាពនិងសុខដុមរមនា លុះត្រាតែយើងចេះ «គោរពភាពខុសគ្នា»។ ជំនឿខ្លះសមហេតុផល ជំនឿខ្លះគ្រាន់តែជាការលួងចិត្ត ប៉ុន្តែឱ្យតែជំនឿនោះមិនបង្កគ្រោះថ្នាក់ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំបែកបាក់សង្គម យើងអាចទុកឱ្យវាមានវត្តមានទន្ទឹមគ្នាតាមកាលទេសៈបាន។ ការរៀនរស់នៅជាមួយគ្នាដោយបញ្ញានិងមេត្តាធម៌ គឺជាបេះដូងពិតប្រាកដនៃពុទ្ធសាសនិកកម្ពុជា៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា