ព័ត៌មានអន្តរជាតិ
នាវាដឹកយន្តហោះចម្បាំងអាមេរិក George H.W. Bush ចូលចតនៅថៃ ក្រោយបញ្ចប់បេសកកម្មរយៈពេល ៦ ខែក្នុងតំបន់មជ្ឈិមបូព៌ា
(ប្រទេសថៃ)៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក George H.W. Bush បានមកដល់កោះទេសចរណ៍ភូកេតរបស់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ជាមួយនឹងនាវិកប្រហែល ៤,៨០០នាក់ ដើម្បីសម្រាកលំហែ និងកម្សាន្ត បន្ទាប់ពីបានបំពេញបេសកកម្មគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ារយៈពេល ៦ខែ។
យោងតាមកងទ័ពជើងទឹកអាមេរិក ក្នុងរយៈពេល ៦ខែចុងក្រោយនេះ នាវាដឹកយន្តហោះចម្បាំងប្រភេទ Nimitz មួយនេះ និងក្រុមនាវាចម្បាំងអមដំណើររបស់ខ្លួន បានគាំទ្រប្រតិបត្តិការ Epic Fury និងការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក (US Central Command) ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពដែនសមុទ្រនៅតំបន់មជ្ឈិមបូព៌ា។
កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភូកេតគឺជាកំពង់ផែដំបូងគេដែលក្រុមនាវាចម្បាំង George H.W. Bush Carrier Strike Group ចូលចត ចាប់តាំងពីពួកគេបានចាកចេញពីទីក្រុង Norfolk រដ្ឋ Virginia និងទីក្រុង Mayport រដ្ឋ Florida កាលពីខែមីនា។
សេចក្តីថ្លែងការណ៍បានបន្តថា នាវិកនឹងចូលរួមក្នុងសកម្មភាពវប្បធម៌ និងសហគមន៍នៅភូកេត រួមទាំងដំណើរកម្សាន្តទស្សនាកន្លែងនានា និងការប្រកួតបាល់ទាត់រវាងសហរដ្ឋអាមេរិក និងថៃ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាដឹកយន្តហោះចម្បាំងនេះបានបោះយុថ្កានៅឆ្ងាយពីច្រាំង ខណៈដែលសមាជិកនាវិកត្រូវបានគេរំពឹងថានឹងឡើងមកលើគោកតាមរយៈកំពង់ផែទឹកជ្រៅភូកេត (Phuket Deep Sea Port) ហើយចំណាយពេលនៅលើកោះទេសចរណ៍ដ៏ពេញនិយមនៅភាគខាងត្បូងនេះ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែតុលា។
គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីនាវាដឹកយន្តហោះចម្បាំងអាមេរិក Abraham Lincoln បានចូលចតរយៈពេល ៥ថ្ងៃនៅកំពង់ផែ Laem Chabang ភាគខាងកើតប្រទេសថៃកាលពីខែមុន ដោយមាននាវិក និងកងម៉ារីនអាមេរិកប្រហែល ៥,០០០នាក់នៅលើនាវា។
បើតាមអភិបាលក្រុងក្នុងតំបន់ម្នាក់បានប៉ាន់ប្រមាណថា សមាជិកកងកម្លាំងអាមេរិកម្នាក់ៗដែលមកជាមួយនាវា Lincoln អាចចំណាយប្រាក់រហូតដល់ ៣,០០០បាត (៨៩ដុល្លារ) ក្នុងមួយថ្ងៃអំឡុងពេលទស្សនកិច្ចនេះ៕