ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ អំពើពុយរលួយសុទ្ធតែជាអ្នករៀនសូត្របានខ្ពង់ខ្ពស់
(ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរំលឹកយុវជនជំនាន់ Gen Z ថាមានសញ្ញាបត្រខ្ពស់ ឫសញ្ញាបត្របណ្ឌិត (PhD) និងការរៀនបានខ្ពស់ទាំងនេះមិនបានបញ្ជាក់អំពីគុណធម៌របស់មនុស្សទាំងនោះឡើយវាអាស្រ័យទៅលើសកម្មភាពជាក់ស្តែងដែលអ្នកទាំងនោះបានធ្វើចេញមកខាងក្រៅ។ លោកបញ្ជាក់ថាការរៀនបានខ្ពស់មានសញ្ញាបត្របណ្ឌិត មិនមែនជាខែលការពារមនុស្សមិនឱ្យប្រព្រឹត្តអំពើពុករលួយនោះឡើយ។
ទន្ទឹមគ្នានេះ លោកក៏ជំរុញឲ្យ និស្សិតត្រូវខិតខំរៀនសូត្រឱ្យពូកែ តែត្រូវកសាងសីលធម៌ និងគុណធម៌ឱ្យបានល្អទន្ទឹមគ្នា ដើម្បីកុំឱ្យប្រើប្រាស់អំណាចខុសផ្លូវនៅថ្ងៃអនាគត។
លោកក៏បានសង្កត់ដែរថា ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយធំៗដូចជា ករណី ១MDB, Felda និង Tabung Haji សុទ្ធតែជាអ្នករៀនសូត្របានខ្ពង់ខ្ពស់ មានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត។ ដូចនេះ «ការអប់រំល្អតែមួយមុខ មិនអាចធ្វើឱ្យមនុស្សក្លាយជាមនុស្សមានគុណធម៌បានឡើយ»។
ជាមួយគ្នានេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យយុវជនដាំបណ្តុះស្មារតីស្អប់ខ្ពើមអំពើពុករលួយតាំងពីក្មេង ព្រមទាំងចូលរួមយល់ដឹងពីបញ្ហាសង្គមជាក់ស្តែង ដូចជាភាពក្រីក្រ គម្លាតពូជសាសន៍ និងការលំបាករបស់ប្រជាជនទន់ខ្សោយ៕