ព័ត៌មានអន្តរជាតិ
ចោរលួចទូរស័ព្ទដៃនៅប្រេស៊ីល! មនុស្សប្រហែល ១៤ លាននាក់ក្លាយជាជនរងគ្រោះ និងទូរស័ព្ទចំនួន ៨៣០,០០០ គ្រឿងបានបាត់
(ប្រេស៊ីល)៖ បទល្មើសពាក់ព័ន្ធនឹងទូរស័ព្ទដៃ ដែលអាចរួមបញ្ចូលទាំងអំពើហិង្សា ការឆបោកផ្នែកហិរញ្ញវត្ថុ និងសូម្បីតែឃាតកម្ម បានក្លាយជាភ័ស្តដ៏ច្បាស់លាស់មួយនៃវិបត្តិសន្តិសុខដែលកំពុងកើតមាននៅក្នុងទីក្រុងនានារបស់ប្រទេសប្រេស៊ីល ដូចជាទីក្រុង Rio de Janeiro មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយនៅថ្ងៃអាទិត្យនេះ។
វេទិកាសន្តិសុខសាធារណៈប្រេស៊ីល (FBSP) បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា «ទូរស័ព្ទដៃហាក់ដូចជាឆ្លុះបញ្ចាំងពីការភ័យខ្លាចដែលកំពុងកើនឡើងចំពោះអំពើហិង្សានៅក្នុងទីក្រុង»។
បើតាមការស្ទង់មតិមួយរបស់ FBSP ដែលបានចេញផ្សាយកាលពីខែឧសភា បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១៤ លាននាក់បានក្លាយជាជនរងគ្រោះនៃបទល្មើសនេះក្នុងរយៈពេល ១២ ខែមុននោះ។ ខណៈមានទូរស័ព្ទដៃប្រហែល ៨៣០,០០០ គ្រឿងដែលត្រូវបានរាយការណ៍ថាត្រូវបានចោរលួច ឬប្លន់នៅក្នុងឆ្នាំ ២០២៥។
យ៉ាងណាម៉ិញហាក់ជាប់ទាក់ទងនឹងបញ្ហានយោបាយ ដោយមុនការបោះឆ្នោតដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ ប្រធានាធិបតីនិយមឆ្វេង លោក Luiz Inacio Lula da Silva និងគូប្រជែងនិយមស្តាំ គឺលោក Flavio Bolsonaro បានប្តេជ្ញាបង្ក្រាបបទល្មើសនេះ។
លោក Bolsonaro សន្យាថានឹងបង្កើនទោសជាប់ពន្ធនាគារសម្រាប់បទល្មើសទាក់ទងនឹងទូរស័ព្ទដៃឱ្យកើនឡើងដល់ទៅ ៤ ដង ខណៈដែលលោក Lula បានអះអាងថា «គោលដៅរបស់យើងគឺលុបបំបាត់ការលួចទូរស័ព្ទឱ្យអស់ទាំងស្រុង»។
បើទោះបីយ៉ាងណាក៏ដោយ យោងតាមអង្គការ FBSP ការភ័យខ្លាចចំពោះបទល្មើសទាក់ទងនឹងទូរស័ព្ទដៃ បានជំរុញឱ្យប្រជាជនប្រេស៊ីលប្រហែល ៣០ ភាគរយ (ស្មើនឹងមនុស្សប្រហែល ៦៥ លាននាក់) រក្សាទុកទូរស័ព្ទទីពីរដែលមានតម្លៃថោកមួយគ្រឿង ដែលគេហៅថា «ទូរស័ព្ទសម្រាប់ចោរប្លន់»៕