ព័ត៌មានអន្តរជាតិ
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់អបអរសាទរចំពោះ «បរាជ័យ» របស់អាមេរិកលើទឹកដីមជ្ឈិមបូព៌ា
ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត (Shiite militias) បានចាត់ទុកការដកកងទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ទាំងស្រុងកាលពីថ្ងៃពុធ៣០កញ្ញាម្សិលម៉ិញនេះថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រ» លើទីក្រុងវ៉ាស៊ីនតោន ដែលបានរក្សាវត្តមានយោធានៅក្នុងប្រទេសនេះអស់រយៈពេលសរុប ២០ ឆ្នាំ។
ដោយធ្វើការកត់សម្គាល់លើការចាកចេញរបស់កងទ័ពអាមេរិកពីមូលដ្ឋានទ័ពអាកាស Erbil ក្នុងតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ លោក Abu Mojtaba al-Yasiri ដែលជាមេបញ្ជាការនៃក្រុម «Islamic Resistance in Iraq» បានអះអាងថា ព្រឹត្តិការណ៍នេះតំណាងឱ្យ «បរាជ័យដ៏ធ្ងន់ធ្ងរសម្រាប់គម្រោងរបស់អាមេរិក»។
បន្ថែមពីនោះ លោក Abu Mujahid al-Assaf ដែលជាតំណាងជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតមួយផ្សេងទៀតគឺក្រុម Kataib Hezbollah ក៏បានយល់ស្របនឹងទស្សនៈនេះដែរ ដោយលើកឡើងថា «ការបណ្តេញកងកម្លាំងកាន់កាប់ដែលបរាជ័យ ចេញពីទឹកដីអ៊ីរ៉ាក់ គឺជាការចាប់ផ្តើមនៃអធិបតេយ្យភាពពេញលេញ»។
ខុសប្លែកពីឆ្នាំ ២០១១ លើកនេះកងទ័ពអាមេរិកកំពុងចាកចេញពីប្រទេសអ៊ីរ៉ាក់ជាស្ថាពរ។ នេះបើតាមការលើកឡើងរបស់លោក Dennis Fritz ដែលជាអតីតនាយទាហានជាន់ខ្ពស់ (Command Chief Master Sergeant) នៃកងទ័ពអាកាសអាមេរិក ដែលបានបញ្ជាក់ថា វត្តមានយោធាអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ក៏នឹងថយចុះយ៉ាងខ្លាំងផងដែរ។
ក្នុងទិដ្ឋភាពនេះ ក្រុមប្រដាប់អាវុធស៊ីអ៊ីត (Shiite) មួយចំនួនរបស់អ៊ីរ៉ាក់បានបង្ហាញការគាំទ្រដល់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមមួយនេះនៅចុងខែកុម្ភៈ ដោយបានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើក (drones) ទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន ក្រុម Kataib Hezbollah បានព្រមានរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi កុំឱ្យអនុវត្តតាមវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើក្រុមហ៊ុនអាកាសចរណ៍របស់អ៊ីរ៉ង់ ហើយត្រូវបានប្រកាសកាលពីសប្តាហ៍មុន៕