ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីកាតា ហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាជា«ឧក្រិដ្ឋជនសង្គ្រាម» ជុំវិញការវាយប្រហារនៅហ្គាហ្សា
នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា «ឧក្រិដ្ឋជនសង្គ្រាម» ខណៈលោកសង្កត់ធ្ងន់ថា ទីក្រុងដូហាកំពុងខិតខំប្រឹងប្រែងសម្របសម្រួលស្ថានការណ៍តាមដែលអាចធ្វើទៅបាន ដើម្បីស្តារសន្តិភាពឡើងវិញ។
នាយករដ្ឋមន្ត្រីប្រទេសកាតា បានឆ្លើយទៅកាន់អ្នកសារព័ត៌មានថា « ពិតណាស់! អ្វីដែលបានប្រព្រឹត្តឡើងនៅតំបន់ហ្គាហ្សា គឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយអ្នកណាដែលបានធ្វើរឿងនេះ គឺជាឧក្រិដ្ឋជនសង្គ្រាម»។
លោកបន្ថែមថា « មន្ទីរពេទ្យត្រូវបានគេ (អ៊ីស្រាអែល) កំណត់ជាគោលដៅវាយប្រហារ សាលារៀនក៏ត្រូវបានគេកំណត់ជាគោលដៅវាយប្រហារដែរ។ ទោះបីជាមានហេតុផល ឬការលើកឡើងបែបណាក៏ដោយ ក៏គ្មានអ្វីអាចយកមកធ្វើជាលេស ដើម្បីបង្ហាញថាទង្វើនោះជារឿងត្រឹមត្រូវឡើយ»។
នាយករដ្ឋមន្រ្តីប្រទេសកាតាក៏បានចោទប្រកាន់ លោក ណេតាន់យ៉ាហ៊ូ ថា បានវាយប្រហារប្រទេសកាតាតាមរយៈឆាកនយោបាយ ដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីសកម្មភាពរបស់រដ្ឋាភិបាលរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនោះ បានថ្កោលទោសជាថ្មី ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងដូហា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយកំណត់គោលដៅលើមន្ត្រីក្រុមហាម៉ាស ខណៈប្រទេសកាតាកំពុង ចូលរួមសម្របសម្រួល។ ការវាយប្រហារនោះបានសម្លាប់សមាជិកក្រុមហាម៉ាសចំនួន ៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់។
ទន្ទឹមគ្នានេះ ប្រទេសកាតានឹងបន្តផ្តល់អាទិភាពផ្នែកការទូត ហើយការចរចាឬទំនាក់ទំនងនៅពីក្រោយឆាក នៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្រេចបាននូវវឌ្ឍនភាព៕