ព័ត៌មានអន្តរជាតិ
ចិនដាក់ដំណើរការមនុស្សយន្តប្រតិបត្តិការនៅសមុទ្រជម្រៅ ៤,៥០០ ម៉ែត្រ ដើម្បីរុករកធនធានក្នុងសមុទ្រចិនខាងត្បូង
(ប៉េកាំង)៖ យានមនុស្សយន្តសម្រាប់ប្រតិបត្តិការនៅសមុទ្រជ្រៅកម្រិតជម្រៅ ៤,៥០០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងក្នុងស្រុក បានចេញដំណើរពីកំពង់ផែ Weihai ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ដើម្បីធ្វើការរុករកផ្នែកវិទ្យាសាស្ត្ររួមគ្នាជាមួយស្ថាប័ន Weihai នៃវិទ្យាស្ថានបច្ចេកវិទ្យា Harbin (Harbin Institute of Technology) នៅតំបន់សមុទ្រចិនខាងត្បូង។
រ៉ូបូតនេះត្រូវបានបំពាក់ដោយដៃយន្តធារាសាស្ត្រពហុមុខងារដែលមានអ័ក្សចលនាចំនួន ៧ ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯង។ ក្នុងដំណើរការអភិវឌ្ឍយាននេះ បញ្ហាបច្ចេកទេសសំខាន់ៗជាង ៣០ ត្រូវបានដោះស្រាយដោយជោគជ័យ រួមមាន៖ បច្ចេកវិទ្យាការពារការជ្រាបចូលនៃសម្ពាធទឹកសមុទ្រជ្រៅ ប្រព័ន្ធជំរុញចលនាថាមពលខ្ពស់សម្រាប់ទឹកជ្រៅ ការទំនាក់ទំនងក្រោមទឹកក្នុងរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរុករកផ្លូវដោយស្វ័យប្រវត្តិដែលមានរបៀបប្រតិបត្តិការចម្រុះ។ យាននេះមានសមត្ថភាពអនុវត្តភារកិច្ចស្មុគស្មាញជាច្រើនដូចជា ការអភិវឌ្ឍធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅ ការត្រួតពិនិត្យបំពង់បង្ហូរក្រោមទឹក ការរុករកធនធានរ៉ែ ការប្រមូលសំណាកសម្រាប់ការសិក្សាវិទ្យាសាស្ត្រ និងប្រតិបត្តិការសង្គ្រោះបន្ទាន់។
បេសកកម្មរួមគ្នានេះមានគោលបំណងសាកល្បងសមត្ថភាពប្រតិបត្តិការនៃប្រព័ន្ធទាំងមូលរបស់ឧបករណ៍នៅក្នុងស្ថានភាពជាក់ស្តែង បន្តកែលម្អប្រព័ន្ធផ្ទៀងផ្ទាត់ឧបករណ៍សម្រាប់សមុទ្រជ្រៅ និងសម្រួលដល់ការផ្លាស់ប្តូរពីការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ទៅជាការអនុវត្តជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម។ វានឹងផ្តល់នូវការគាំទ្រដ៏សំខាន់ដែលផលិតក្នុងស្រុក ដើម្បីធានាសុវត្ថិភាពធនធានសមុទ្រជ្រៅរបស់ប្រទេសចិន និងជំរុញមហិច្ឆតាក្នុងការក្លាយជាមហាអំណាចដែនសមុទ្រ។
យ៉ាងណាម៉ិញ សមត្ថភាពរ៉ូបូតនេះ អាចនឹងបង្ករបញ្ហាប្រឈមនានាជាមួយសមាជិកអាស៊ានដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រុយណេ ដែលព្យាយាមទាមទាតំបន់ត្រួតស៊ីគ្នានៅតំបន់សមុទ្រចិនខាងត្បូង៕