ព័ត៌មានអន្តរជាតិ
លោក ត្រាំ ថាកូរ៉េខាងជើងមានសមត្ថភាពនុយក្លេអ៊ែរ «ធំគួរសម» ហើយនឹង «មិនមានបញ្ហាអ្វីទេ» ដរាបណាលោក «នៅបន្តកាន់អំណាច»
(ក្រុងវ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានឃ្លាំងអាវុធនុយក្លេអ៊ែរមួយដែលមានទំហំ «ធំគួរសម» ហើយនឹង «មានសុវត្ថិភាពល្អ» ដរាបណាលោក(លោក ត្រាំ) នៅតែមានវត្តមាន។ លោកបានហៅលោក គីម ថាជា «មិត្តភក្តិដ៏ល្អ» និងអះអាងថា លោក គីម គោរពរូបលោក។
លោក ត្រាំ បានថ្លែងបែបនេះក្នុងអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរថា ហេតុអ្វីបានជាកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ខណៈដែលលោកធ្លាប់បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធប្រភេទនេះបាន។
លោក ត្រាំ បានអះអាងថា «ដរាបណាខ្ញុំនៅទីនេះ លោកនឹងមានសុវត្ថិភាពល្អ។ តើអ្នកដឹងទេថាហេតុអ្វី? ព្រោះលោក គឺមគោរព និងចូលចិត្តខ្ញុំ»។ លោកក៏បានលើកឡើងពីការបរាជ័យរបស់រដ្ឋបាលអាមេរិកកាលពីអតីតកាល ក្នុងការរារាំងកូរ៉េខាងជើងមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
លោកបានលើកឡើងថា «គាត់ (លោក Kim) ពិតជាមានសមត្ថភាពនុយក្លេអ៊ែរមែន គឺសមត្ថភាពនុយក្លេអ៊ែរដ៏ធំមួយ ទោះបីមិនដូចយើងក៏ដោយ ប៉ុន្តែគាត់មានសមត្ថភាពនុយក្លេអ៊ែរ»។
មានការប៉ាន់ស្មានជាបន្តបន្ទាប់ថា លោក Trump អាចនឹងព្យាយាមភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយលោក Kim ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្ទាប់របស់លោកទៅកាន់អាស៊ី ដែលទំនងជានឹងធ្វើឡើងសម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន ក្នុងខែវិច្ឆិកា។
គូសបញ្ជាក់ថា លោក Trump បានជួបផ្ទាល់ជាមួយលោក Kim ចំនួនបីដងក្នុងអំឡុងអាណត្តិទីមួយរបស់លោក លើកទីមួយនៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ លើកទីពីរនៅទីក្រុងហាណូយក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងលើកទីបីនៅភូមិ Panmunjom ដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងកូរ៉េទាំងពីរ៕