សង្គម និងការអប់រំ
«កុំបំផ្លាញផ្ទះឯង ដើម្បីបង្ហាញថាខ្លួនចេះ»លើការបកស្រាយតម្លៃពិតនៃពិធីបោះបាយបិណ្ឌ និងបេសកកម្មសង្គ្រោះវប្បធម៌ពីក្រុមជ្រុលនិយម
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាកេរដំណែលវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងដែលបានប្រារព្ធឡើងដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែជាការគួរឱ្យស្តាយការសម្តែងមតិរិះគន់ និងមើលងាយដល់ទំនៀម «បោះបាយបិណ្ឌ» នេះ តែងតែកើតឡើងជាប្រចាំជារៀងរាល់ឆ្នាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
បាតុភាពដដែលៗនេះ ហាក់ដូចជាមានចេតនាពិតប្រាកដ ឬបម្រើឱ្យរបៀបវារៈអ្វីមួយរបស់ក្រុមជនជ្រុលនិយមមួយចំនួនទាំងក្នុងចំណោម «គ្រហស្ថ» និង «ព្រះសង្ឃ» ដែលព្យាយាមបំផុសទស្សនៈអគតិ ដើម្បីញាំញី និងបំផ្លាញតម្លៃប្រពៃណីជាតិខ្លួនឯងយ៉ាងអសុរោះ និងខ្វះការពិចារណា។
តាមទស្សនៈយុវគំនិត របស់លោក ឈួរ សុបញ្ញា ដែលជាមន្រ្តីជាន់ខ្ពស់វិស័យធម្មការនិងសាសនា ផងនោះ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា បាតុភាពនៃការនិយាយស្ដី ឬបង្ហាញទស្សនៈប៉ះពាល់ដល់ទំនៀមទំលាប់ខ្លួនឯងនេះ ច្រើនកើតចេញពីកត្តាមួយចំនួនដូចជា៖
ក. ការខ្វះការយល់ដឹងស៊ីជម្រៅ៖ បុគ្គលខ្លះខ្វះការសិក្សាស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងគុណតម្លៃនៃប្រពៃណីរបស់ខ្លួន ដោយបែរជាយកទស្សនៈនៃការយល់ឃើញផ្ទាល់ខ្លួន ឬទស្សនៈសម័យថ្មីមកវាស់វែងដោយមិនបានពិចារណា។
ខ. ឥទ្ធិពលសម័យទំនើប និងបច្ចេកវិទ្យា៖ ការទទួលយកវប្បធម៌បរទេសលឿនពេកតាមរយៈបណ្ដាញសង្គម ធ្វើឱ្យបុគ្គលខ្លះមាននិន្នាការចង់ប្លែក ចង់លេចធ្លោ (Attention seeking) ឬចង់បង្ហាញភាពទាន់សម័យដោយការរិះគន់ប្រពៃណីខ្លួនឯង។
គ. ការយល់ច្រឡំរវាង “ភាពទំនើប” និង “ភាពខ្លាចចាស់”៖ ជនមួយចំនួនយល់ច្រឡំថា ការបដិសេធប្រពៃណីដូនតាគឺជាការបង្ហាញពីភាពរីកចម្រើន ឬការគិតបែបវិទ្យាសាស្ត្រ ដោយភ្លេចគិតថាវប្បធម៌គឺជាព្រលឹង និងជាបេះដូងនៃជាតិសាសន៍។
សកម្មភាពទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសាសនា និងប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផ្លាញអត្តសញ្ញាណជាតិខ្លួនឯងដោយអចេតនា ឬដើម្បីចង់បានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ។ ប្រសិនបើកូនខ្មែរមិនចេះផ្តល់គុណតម្លៃទ្រព្យក្នុងផ្ទះខ្លួនឯងទេ ថ្ងៃណាមួយ បើមានជនបរទេសដែលមានចេតនាអាក្រក់ យកពិធី ឬអត្តសញ្ញាណខ្មែរយើងមួយនេះ ទៅអះអាង និងស្នើសុំចុះបញ្ជីនៅអង្គការយូណេស្កូ (UNESCO) ជាបេតិកភណ្ឌរបស់គេ នោះគឺមកពី «ម្ចាស់ផ្ទះខ្លួនឯងមិនចេះថែរក្សា និងជាអ្នកបើកដៃឱ្យគេ» តែប៉ុណ្ណោះ។ យូណេស្កូ (UNESCO) ផ្តល់តម្លៃលើភាពជាម្ចាស់ និងប្រភពដើម ប៉ុន្តែបើប្រជាជនខ្លួនឯងនាំគ្នាមើលងាយប្រពៃណីខ្លួនឯង តើកម្លាំងណាមួយអាចទៅជួយការពារបាន? ៕