ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ អះអាងថាខ្លួនកំពុងចរចាជាមួយអាមេរិកជុំវិញការលក់អាវុធទំនើបៗ

Published

on

46 Views

(តៃប៉ិ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងនៅថ្ងៃអង្គារ ទី២៩កញ្ញានេះថា តៃវ៉ាន់កំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ ហើយបានទទួលការធានាឡើងវិញចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនរវាងមេដឹកនាំអាមេរិក និងចិនមកថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេ។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតនៅលើឆាកអន្តរជាតិសម្រាប់តៃវ៉ាន់ (ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន) ទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។

ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ ហើយកាលពីខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងផ្អាកកញ្ចប់លក់អាវុធថ្មីមួយដែលមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន លោក ត្រាំ បានត្រឹមតែនិយាយថា មេដឹកនាំចិនយល់ពីជំហររបស់លោកចំពោះតៃវ៉ាន់ប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភាក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលបាន «ទទួលការពន្យល់ម្តងហើយម្តងទៀតពីភាគីអាមេរិកថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេ»។

លោកបានបន្ថែមថា «ទាក់ទងនឹងករណីលក់អាវុធយោធាដែលកំពុងដំណើរការ យើងក៏កំពុងពិភាក្សាជាបន្តបន្ទាប់ជាមួយភាគីអាមេរិកផងដែរ។ ករណីនីមួយៗទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង។ តាមដែលខ្ញុំដឹង រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានការជូនដំណឹងណាមួយអំពីការផ្លាស់ប្តូរនោះទេ»។

គូសបញ្ជាក់ថា តៃវ៉ាន់មានបញ្ជីអាវុធដែលបានបញ្ជាទិញពីមុន ប៉ុន្តែមិនទាន់ត្រូវបានដឹកជញ្ជូនមកដល់នៅឡើយទេ។

ការយឺតយ៉ាវដ៏សំខាន់មួយគឺពាក់ព័ន្ធនឹងការបញ្ជាទិញកាលពីឆ្នាំ ២០១៩ សម្រាប់យន្តហោះចម្បាំង F-16V ចំនួន ៦៦ គ្រឿង ផលិតដោយក្រុមហ៊ុន Lockheed Martin ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ (avionics) អាវុធ និងប្រព័ន្ធរ៉ាដាកាន់តែទំនើប ដើម្បីប្រឈមមុខជាមួយកងទ័ពអាកាសចិន រួមទាំងយន្តហោះចម្បាំង J-20 ដែលមានសមត្ថភាពបំបាំងកាយ (stealth) របស់ចិនផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា យន្តហោះ F-16V ចំនួនពីរគ្រឿងដំបូង បច្ចុប្បន្នកំពុងស្ថិតនៅរដ្ឋហាវ៉ៃ ដើម្បីរង់ចាំការហោះហើរដឹកជញ្ជូនមកកាន់តៃវ៉ាន់។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានកាតព្វកិច្ចតាមរយៈច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ឆ្នាំ ១៩៧៩ ក្នុងការផ្តល់មធ្យោបាយដល់តៃវ៉ាន់ដើម្បីការពារខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

four × 2 =

ពេញនិយម

Exit mobile version