ព័ត៌មានអន្តរជាតិ

ថៃ! មនុស្ស​ ៨ ម៉ឺននាក់ជាប់គាំងក្នុងផ្ទះដោយគ្មានអាហារ ខណៈក្រុងបាងកកបាត់បង់ទឹក​ប្រាក់​ជាង ៣២០ លាន​ដុល្លារ

Published

on

41 Views

(ទីក្រុងបាងកក)៖ ប្រជាពលរដ្ឋក្នុងរដ្ឋធានីរបស់ប្រទេសថៃបានដើរក្នុងទឹកដែលមានកម្ពស់ដល់ចង្កេះនៅក្នុងតំបន់មួយចំនួន ខណៈដែលមនុស្សរាប់ពាន់នាក់បានទៅជ្រកកោននៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីមានទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់កាលពីចុងសប្តាហ៍ ហើយការកើនឡើងកម្រិតទឹកនៅក្នុងអាងស្តុកទឹកនៃខេត្តមួយនៅភាគខាងកើត ក៏បានតម្រូវឱ្យមានការជម្លៀសប្រជាជនផងដែរ។

តំបន់លំនៅដ្ឋានជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានជន់លិច ហើយប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកបានឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០ មីលីម៉ែត្រ (១២,៦ អ៊ីញ) ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃកាលពីសប្តាហ៍មុន ដែលបរិមាណទឹកភ្លៀងនេះគឺស្ទើរតែស្មើនឹងបរិមាណទឹកភ្លៀងសរុប ដែលទីក្រុងស្ថិតនៅទីតាំងក្នុងតំបន់ទំនាបបំផុត។

លោកស្រី Bangorn Dednuam អាយុ ៦០ ឆ្នាំ បានរអ៊ូរទាំថា «យើងលែងមានអាហារសម្រាប់បរិភោគទៀតហើយ ដោយសារយើងមិនបានត្រៀមខ្លួនទាន់ពេលវេលា» ខណៈដែលគាត់បានដើរស្វែងរកអាហារទាំងប្រឈមនឹងភ្លៀងដែលធ្លាក់មិនដាច់ បន្ទាប់ពីស្បៀងអាហារនៅផ្ទះត្រូវបានអស់។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃថៃបានឱ្យដឹងថា ទីក្រុងបាងកកស្ថិតក្នុងចំណោមខេត្តចំនួន ៤១ នៅទូទាំងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៦ ខែកញ្ញាមក ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និងប៉ះពាល់ដល់លំនៅដ្ឋានជាង ៥៨០,០០០ ខ្នង។

បើតាមលោក Unsit Sampuntharat អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងនេះ បានឱ្យដឹងថា «ប្រជាពលរដ្ឋជាង ៨០,០០០ នាក់ដែលរស់នៅក្នុងតំបន់ទឹកជំនន់ មិនអាចចាកចេញពីផ្ទះសម្បែងរបស់ពួកគេបានឡើយ»។ លោកបានបន្ថែមថា ផ្ទះបាយចល័ត និងទូកនានា កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោកបានបន្ថែមថា «គោលដៅគឺផ្តល់អាហារចំនួន ៣ ពេលក្នុងមួយថ្ងៃដល់ប្រជាពលរដ្ឋទាំងអស់ក្នុងអំឡុងពេលទឹកជំនន់ និងយ៉ាងហោចណាស់ ៧ ថ្ងៃទៀតបន្ទាប់ពីទឹកស្រកទៅវិញ»។

ការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១ ពាន់លានបាត ស្មើរនឹងប្រមាណ ៣២៧.៤៧ លានដុល្លារអាម៉េរិក។

គូសបញ្ជាក់ថា ប្រទេសថៃដែលមានសេដ្ឋកិច្ចធំជាងគេទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះ ដែលមានកំណើនយឺតជាងសមាជិកអាស៊ានក្នុងតំបន់ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ មកនោះ បានកត់ត្រាកំណើន ១,៩% ធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ប៉ុន្តែអត្រានេះនៅតែមានកម្រិតទាបជាងយ៉ាងខ្លាំងបើធៀបនឹងកំណើន ២,៨% នៅក្នុងត្រីមាសមុន។

គ្រោះទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងកាលពីឆ្នាំមុន ដែលបង្កឡើងដោយភ្លៀងធ្លាក់កម្រិត ៦៣០ មីលីម៉ែត្រ (២៥ អ៊ីញ) ក្នុងរយៈពេលបីថ្ងៃ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៥ នាក់ស្លាប់ ផ្ទះសម្បែងជាង ៣៣.០០០ ខ្នងត្រូវបានជន់លិច និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា សាលារៀន មន្ទីរពេទ្យ និងផ្លូវហាយវេ៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + seventeen =

ពេញនិយម

Exit mobile version