ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស ៣៣ នាក់និង ៣៦ នាក់រងរបួសនៅតំបន់ទីប្រជុំជន

Published

on

47 Views

ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាទៅលើផ្សារមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៣៣នាក់ និងធ្វើឱ្យមនុស្ស ៣៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមមួយដែលគ្រប់គ្រងតំបន់នោះ។

យោងតាមកងទ័ព Arakan (Arakan Army) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារទៅលើផ្សារ និងស្ពាននៅក្បែរនោះ ក្នុងក្រុង Kyauktaw នៃរដ្ឋ Rakhine នោះអាចនឹងបន្តកើនឡើង។

បើតាម សាក្សីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារហេតុផលសុវត្ថិភាព បានឃើញសាកសពជាង ៣០នាក់នៅកន្លែងកើតហេតុនារសៀលថ្ងៃចន្ទដដែល ដែលនៅទីនោះគេអាចមើលឃើញបំណែកសាកសពមនុស្សនៅចន្លោះគំនរបាក់បែកដែលកំពុងឆេះ និងផ្លូវថ្នល់ដែលរងការបំផ្លាញដោយការទម្លាក់គ្រាប់បែក។ បន្ថែមពីនោះ ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង ហើយសាកសពដែលត្រូវបានរកឃើញត្រូវបានគេដាក់តម្រៀបគ្នាជាជួរៗនៅក្រោមផ្ទាំងប្លាស្ទិកពណ៌បៃតង។

រដ្ឋ Rakhine នៅភាគខាងលិចកំពុងជួបប្រទះស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា ដែលបានផ្ទុះឡើងដោយសាររដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១។

យ៉ាងណាម៉ិញ តំបន់ផ្សារដែលរងការវាយប្រហារកាលពីថ្ងៃចន្ទនោះ បានក្លាយជាមជ្ឈមណ្ឌលសកម្មភាពពាណិជ្ជកម្មដ៏មមាញឹកខ្លាំងបំផុត ចាប់តាំងពីជម្លោះផ្ទៃក្នុងបានផ្ទុះឡើង។

តំបន់នេះស្ថិតនៅតាមបណ្តោយច្រាំងទន្លេមួយដែលហូរកាត់ព្រំដែនប្រទេសឥណ្ឌា ដោយផ្តល់នូវផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់រដ្ឋមួយដែលត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីតំបន់ផ្សេងទៀតនៃប្រទេសមីយ៉ាន់ម៉ា ហើយកំពុងរងទុក្ខវេទនាដោយសារការអត់ឃ្លាន និងភាពក្រីក្រកាន់តែខ្លាំងឡើង។

គូសបញ្ជាក់ថា ក្រុម AA គ្រប់គ្រងស្ទើរតែទាំងស្រុងលើរដ្ឋរ៉ាក់ឃីន (Rakhine) លើកលែងតែតំបន់ទីប្រជុំជនមួយចំនួនតូចប៉ុណ្ណោះ ដែលកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធដែលកំពុងរងការឡោមព័ទ្ធ។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពនៅតែអាចទប់ទល់នឹងពួកគេបាន ដោយប្រើប្រាស់កងយន្តហោះចម្បាំងដែលផលិតដោយប្រទេសរុស្ស៊ី និងចិន។

កងកម្លាំងអាកាសនេះក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅទៅលើជនស៊ីវិលនៅតាមសាលារៀន វត្តអារាម និងពិធីបុណ្យសាសនានានា ដែលក្រុមសិទ្ធិមនុស្សលើកឡើងថា សកម្មភាពទាំងនេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្សជិតកន្លះលាននាក់កំពុងរស់នៅជាជនភៀសខ្លួននៅក្នុងរដ្ឋរ៉ាក់ឃីន ដោយសារតែជម្លោះនេះ។

យោងតាមអង្គការ ACLED ដែលតាមដានស្ថានភាពជម្លោះ មនុស្សជាង ១០០,០០០ នាក់បានស្លាប់នៅក្នុងជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការដណ្តើមអំណាចនៅឆ្នាំ ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)៕

Leave a Reply

Your email address will not be published. Required fields are marked *

12 − six =

ពេញនិយម

Exit mobile version