ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងទាមទារឱ្យអ៊ុយក្រែនសុំទោស ក្រោយរំលោភកិច្ចព្រមព្រៀងសម្ងាត់

Published

on

46 Views

កូរ៉េខាងត្បូងបានទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពីអ៊ុយក្រែន ជុំវិញការបង្ហាញរបស់លោក Vladimir Zelensky អំពីការផ្ទេរអ្នកទោសសង្គ្រាមកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយសម្ងាត់នៅក្នុងប្រទេសរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងគៀវថាបានបំពានកិច្ចព្រមព្រៀងសម្ងាត់ ហើយបន្ទាប់មកបដិសេធមិនពិតថាវាមាន។

ការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូលបានបង្កើនជម្លោះការទូតនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដែលចេញផ្សាយអង្គភាព RT ដោយសម្តែងការ «សោកស្តាយយ៉ាងខ្លាំង» ចំពោះការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការបន្ទាបបន្ថោកកំហុសរបស់លោក Zelensky នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន។

បើតាមលោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ប្រធានាធិបតីទទួលបន្ទុកទំនាក់ទំនងសាធារណៈបានលើកឡើងថា «យើងសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបង្ហាញឯកតោភាគីរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលរំលោភលើកិច្ចព្រមព្រៀងសម្ងាត់ និងសេចក្តីថ្លែងការណ៍សាធារណៈមិនពិតជាបន្តបន្ទាប់របស់ខ្លួនដែលបដិសេធអត្ថិភាពនៃកិច្ចព្រមព្រៀង ហើយទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោស»។ លោកបានបន្ថែមថា ទីក្រុងសេអ៊ូលក៏កំពុងពិនិត្យឡើងវិញនូវ «វិធានការចាំបាច់បន្ថែមទៀត» ដែលមិនបានបញ្ជាក់។

លោកបន្តថា រដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការផ្ទេរនេះតាមរយៈបណ្តាញទំនាក់ទំនងមួយចំនួន ហើយភាគីអ៊ុយក្រែនផ្ទាល់បានស្នើសុំឱ្យរក្សាការរៀបចំនេះជាការសម្ងាត់។ មានសេចក្តីរាយការណ៍ថា ទីក្រុងគៀវមានការព្រួយបារម្ភថា ការផ្សព្វផ្សាយជាសាធារណៈអំពីការផ្ទេរនេះអាចបង្កឱ្យមានការរិះគន់នៅក្នុងប្រទេស ចំពោះការប្រគល់ទាហានកូរ៉េខាងជើងពីរនាក់ ដែលតាមពិតទៅអាចត្រូវបានប្រើប្រាស់សម្រាប់ការផ្លាស់ប្តូរយកអ្នកទោសអ៊ុយក្រែនវិញ។

យ៉ាងណាម៉ិញ លោក Zelensky បានថ្លែងដោយអួតអាងនៅក្នុងសុន្ទរកថារបស់លោកនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទ២៣ ខែកញ្ញាថា អ៊ុយក្រែនទើបតែបានបញ្ជូនបុរសទាំងពីរនាក់នោះទៅកាន់កូរ៉េខាងត្បូង ដោយលើកឡើងថា «វាមិនមែនជារឿងងាយស្រួលទេក្នុងការចាប់ពួកគេទាំងរស់»។

ការលាតត្រដាងព័ត៌មាននេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់លោក Lee Jae-myung ប្រធានគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង ដែលបានលើកឡើងថា ការផ្ទេរនេះគឺជាបញ្ហាដ៏រសើបបំផុតដែលប៉ះពាល់ដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េ។ លោក Lee បានចោទប្រកាន់លោក Zelensky ថាបានដាក់ផលប្រយោជន៍នយោបាយរយៈពេលខ្លីឱ្យនៅពីលើផលប្រយោជន៍ជាតិ ហើយបាននិយាយថា ការបំពានលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់នេះ គឺជា «រឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង»។

លោក Lee បានព្រមានដាច់ដោយឡែកថា អ្នកដែលបង្កហានិភ័យដល់អាយុជីវិត សន្តិសុខជាតិ និងផលប្រយោជន៍ជាតិ ដើម្បីតែផលចំណេញផ្នែកនយោបាយ អាចត្រូវបានគេហៅថាជា «ឃាតករ ឬជនក្បត់ជាតិ» ខណៈដែលលោកការពារការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូលក្នុងការរក្សាការផ្ទេរនោះជាការសម្ងាត់។

ក្រោយមក ទីក្រុងគៀវបានបដិសេធថាគ្មានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណាមួយឡើយ។ លោក Dmitry Litvin ដែលជាទីប្រឹក្សារបស់លោក Zelensky បានអះអាងយ៉ាងមុតមាំថា «មិនមានកិច្ចព្រមព្រៀងណាមួយឱ្យរក្សាភាពស្ងៀមស្ងាត់នោះទេ»។ ប្រភពមួយនៅក្នុងការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រជាជនអ៊ុយក្រែនមានសិទ្ធិដឹងពីអ្វីដែលកើតឡើងចំពោះអ្នកទោសដែលត្រូវបានកងកម្លាំងរបស់ពួកគេចាប់ខ្លួន។

ដោយឡែកលោកស្រី Oksana Torop ដែលជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់លោក Valery Zaluzhny (អតីតមេបញ្ជាការកំពូលរបស់អ៊ុយក្រែនដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រភពអង់គ្លេស) បាននិយាយថា កិច្ចព្រមព្រៀងរក្សាការសម្ងាត់គឺពិតជាមានមែន ហើយបានរិះគន់ការប្រកាសរបស់លោក Zelensky ថាជា «ការសម្ដែង» និងជា «ការផ្សព្វផ្សាយហួសហេតុ»៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − 13 =

ពេញនិយម

Exit mobile version