ព័ត៌មានអន្តរជាតិ

លោក អនុធីន ត្រូវបានជនរងគ្រោះស្រែកស្វាគមន៍ឌឺដង អំឡុងពេលចុះមើលស្ថានភាពទឹកជំនន់

Published

on

45 Views


ខណៈពេលកំពុងចុះពិនិត្យស្ថានភាពគ្រោះដោយទឹកជំនន់នៅក្រុងបាងកក ប្រជាពលរដ្ឋថៃបានស្រែកស្វាគមន៍ឌឺដងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ថា«ពួកយើងលែងចង់មានទ្រព្យសម្បត្តិហួសហេតុបែបនេះទៀតហើយ»។ ការនិយាយបែបមើលងាយនេះ ធ្វើឡើងបន្ទាប់ពីលោក អនុទីន កាលពីដើមឆ្នាំនេះ បានអះអាងថាក្នុងរយៈពេល៤ឆ្នាំ គាត់នឹងធ្វើការរហូតដល់ពលរដ្ឋនិយាយថា «គ្រប់គ្រាន់ហើយ ពួកយើងមានគ្រប់គ្រាន់ហើយ»។
បើតាមអង្គភាព ថៃអ៊ីមផាយអ៊ឺរ បានផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ការស្រែកពាក្យស្លោកឌឺដងនេះធ្វើឡើង នៅពេលដែលលោក អនុធីន ឆានវីរៈគុន បានចុះសួរសុខទុក្ខសហគមន៍រងគ្រោះដោយទឹកជំនន់តាមបណ្តោយប្រឡាយព្រេម ប្រាឆាកន (Prem Prachakorn) ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែកញ្ញា។ អ្នករងគ្រោះដោយជំនន់ទាំងនោះ បានជំរុញឱ្យលោកមើលពីលក្ខខណ្ឌរស់នៅរបស់ពួកគេ ដែលពួកគេបានបោះឆ្នោតជូនលោក។ ប្រជាជនថៃទំាងនោះ បានរអ៊ូរទាំពីការខ្វះខាតស្បៀងអាហារ និងកង្វះបង្គន់អនាម័យចល័ត នាគ្រាទឹកជំនន់នេះ។

គូសបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់សហគមន៍ចំនួន៣៩ គ្រួសារចំនួន ១០,០១៧ និងមនុស្សចំនួន ៦៩,៥៦៥ នាក់នៅក្នុងខណ្ឌ Lak Si នៃទីក្រុងបាងកក ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញាមក។
ក្នុងទិដ្ឋភាពដ៏គួរឱ្យអាណិតរបស់ប្រជាជនថៃ លោក អនុធីន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរៀបចំផ្ទះបាយចល័ត និងបានប្រាប់អាជ្ញាធរក្រុងបាងកកឱ្យផ្តល់បង្គន់អនាម័យចល័ត។ ទន្ទឹមនឹងនេះ​ លោកបានជំរុញឱ្យប្រជាពលរដ្ឋដែលមានវ័យចាស់ និងអ្នកជំងឺ ផ្លាស់ទីទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួន។
លោកក៏សន្យាថា រដ្ឋាភិបាលនឹងពន្លឿនការរំដោះទឹក សម្រួលសារព្រមានសាធារណៈឱ្យងាយយល់ជាមុន និងពិចារណាប្រកាសថ្ងៃឈប់សម្រាកសាធារណៈ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីថ្ងៃទី២៧ ខែកញ្ញា។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីថៃបានកំណត់យកថ្ងៃទី២៨-២៩ ខែកញ្ញា ជាថ្ងៃឈប់សម្រាកសាធារណៈពិសេស នៅក្នុងទីក្រុងបាងកក, ខេត្តនន្ទបុរី, ខេត្តបទុមថានី និងខេត្តសមុទ្រប្រាការ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

8 − two =

ពេញនិយម

Exit mobile version