ព័ត៌មានអន្តរជាតិ

លោក ត្រាំ ស្នើឱ្យលោក ស៊ី ទិញអាវុធរបស់សហរដ្ឋអាមេរិក

Published

on

51 Views

ជាសំណួរមួយបែបឌឺដង ឱ្យផ្លែផ្កាស្របពេលស្ថានភាពសង្គ្រាមកាន់តែរីករាលដាលទៅកាន់តំបន់ជាច្រើន ប្រទេសនានាជុំវិញពិភពលោកសុទ្ធតែត្រូវការសព្វាវុធដើម្បីការពារដែនអធិបតីភាព ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសួរទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ក្នុងការទិញអាវុធរបស់អាមេរិកដែរឬទេ ទោះបីជាមានការរឹតបន្តឹងជាយូរមកហើយលើការនាំចេញសម្ភារៈយោធាទៅកាន់ប្រទេសនេះក៏ដោយ។

យោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន David Perdue បានទម្លាយពីការសន្ទនានេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈពេលដែលកំពុងពិភាក្សាអំពីវិធីសាស្ត្ររបស់លោក ត្រាំ ចំពោះប្រទេសចិន និងការបន្តលក់អាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់។

លោក Perdue បាននិយាយថា «ប្រធានាធិបតី ត្រាំ តែងតែនិយាយថាលក់អាវុធទៅឱ្យប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក»។ លោកបានបន្តថា «តាមពិតទៅ លោកធ្លាប់បានសួរប្រធានាធិបតី ស៊ី ថា តើលោកចង់ទិញអាវុធខ្លះដែរឬទេ»។

យ៉ាងណាម៉ិញ ឯកអគ្គរដ្ឋទូតរូបនេះមិនបានបញ្ជាក់ថា តើលោក ត្រាំ (Trump) បានលើកឡើងពីគំនិតនេះនៅពេលណា តើមានការពិភាក្សាអំពីអាវុធប្រភេទណាខ្លះ ឬក៏លោក ស៊ី (Xi) បានឆ្លើយតបយ៉ាងណានោះទេ។ មេដឹកនាំទាំងពីរបានជួបគ្នាចំនួនពីរដងរួចមកហើយនៅឆ្នាំនេះ គឺនៅទីក្រុងប៉េកាំងកាលពីខែឧសភា និងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃរបស់លោក ស៊ី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។

បើតាមសារព័ត៌មាន Bloomberg ប្រទេសចិនទទួលបានគ្រឿងបន្លាស់យន្តហោះ F-35 ដែលមានផ្ទុកបច្ចេកវិទ្យាដ៏រសើបរបស់សហរដ្ឋអាមេរិករួចទៅហើយ។

ប៉ុន្តែ ការលក់ជាក់ស្តែងណាមួយនឹងត្រូវប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ធំៗ ដោយសារសភាអាមេរិកបានដាក់កម្រិតលើការនាំចេញសម្ភារៈការពារជាតិដែលមានចែងក្នុងបញ្ជីគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក (US Munitions List) ទៅកាន់ប្រទេសចិនដីគោកតាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ។ ទោះបីជាមានករណីលើកលែងមួយចំនួន និងការសម្រេចចិត្តរបស់ប្រធានាធិបតីផ្អែកលើផលប្រយោជន៍ជាតិក៏ដោយ ក៏វិធានការរឹតបន្តឹងទាំងនេះបានរក្សាការហាមឃាត់ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៉េកាំងយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកផ្គត់ផ្គង់អាវុធបរទេសដ៏សំខាន់របស់កោះតៃវ៉ាន់ ខណៈពេលដែលខ្លួននៅតែរក្សាគោលនយោបាយ «ចិនតែមួយ» ជាផ្លូវការ។ ច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ឆ្នាំ ១៩៧៩ (Taiwan Relations Act) ចែងថា សហរដ្ឋអាមេរិកនឹងផ្តល់សម្ភារៈ និងសេវាកម្មការពារជាតិដល់កោះនេះ ក្នុងបរិមាណដែលចាត់ទុកថាចាំបាច់ ដើម្បីឱ្យកោះនេះអាចរក្សាបាននូវ «សមត្ថភាពការពារខ្លួនឯងបានគ្រប់គ្រាន់»។

ដោយឡែក ទីក្រុងប៉េកាំងឯណោះវិញបានចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយនៃប្រទេសចិន ហើយបានទាមទារម្តងហើយម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រផ្នែកយោធាបែបនេះ ដោយអះអាងថាការលក់អាវុធទាំងនោះរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងធ្វើឱ្យអស្ថិរភាពដល់ទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ មុនពេលដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រសួងការពារជាតិចិនបានជំរុញឱ្យសហរដ្ឋអាមេរិកមាន «ការប្រុងប្រយ័ត្នខ្ពស់បំផុត» ចំពោះបញ្ហានេះ។

កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលរបស់លោក Trump បានអនុម័តកញ្ចប់ជំនួយយោធាដែលមានតម្លៃ ១១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតដែលត្រូវបានប្រកាសរហូតមកទល់ពេលនេះ។ កញ្ចប់ជំនួយមួយផ្សេងទៀតដែលមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែមកហើយ ដោយលោក Trump បានចាត់ទុកវាថាជា «ឧបករណ៍ដ៏ល្អសម្រាប់ការចរចា»។

ទោះបីជាលោក ត្រាំសួរសំណួរបែបការពិត រឺបញ្ឆិតបញ្ឈៀងយ៉ាងនេះក៏ដោយ ក៏ប៉ុន្តែវាក៏មិនច្បាស់ទេថា តើទីក្រុងវ៉ាស៊ីនតោនអាចផ្តល់អ្វីខ្លះដល់ទីក្រុងប៉េកាំង ដែលចិនមិនទាន់អាចផលិតបានដោយខ្លួនឯងនៅក្នុងប្រទេស។ ស្របពេលប្រទេសចិនមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងបានសម្រាប់ប្រភេទអាវុធធម្មតា (conventional weapons) សំខាន់ៗភាគច្រើន ខណៈដែលការវាយតម្លៃនានាដែលតែងតែលើកឡើងថាចិននៅពីក្រោយសហរដ្ឋអាមេរិកនោះ គឺផ្អែកលើទំហំចំណូលពីការលក់អាវុធគិតជាប្រាក់ដុល្លារ មិនមែនផ្អែកលើបរិមាណផលិតកម្មជាក់ស្តែងនោះទេ។

បើក្រឡេកទៅមើលនៅក្នុងវិស័យសាងសង់នាវា ដែលជាវិស័យមួយអាចធ្វើការប្រៀបធៀបផលិតកម្មបានដោយផ្ទាល់ជាងគេនោះ សមត្ថភាពឧស្សាហកម្មរបស់ចិនត្រូវបានប៉ាន់ប្រមាណថាមានទំហំធំជាងសហរដ្ឋអាមេរិកប្រហែល ២៣០ ដង។ ទន្ទឹមនឹងនេះ ទិន្នន័យដែលបានបង្ហាញនៅក្នុងសភាអាមេរិកក៏បានបញ្ជាក់ដែរថា ទិន្នផលយន្តហោះគ្មានមនុស្សបើក (drone) ខ្នាតតូចរបស់ចិន មានចំនួនច្រើនជាងសហរដ្ឋអាមេរិកជាង ១០០ ដង។ ដូច្នេះ អ្វីដែលនៅសេសសល់គឺបច្ចេកវិទ្យាទំនើបបំផុត និងចំណេះដឹងបច្ចេកទេសក្នុងវិស័យដែលទីក្រុងវ៉ាស៊ីនតោននៅតែមានប្រៀបជាង ដែលនេះគឺជាសមត្ថភាពដែលសហរដ្ឋអាមេរិកចាត់ទុកថាមានភាពរសើបខ្លាំង ហើយទំនងជានឹងមិនចែករំលែកជាមួយគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

one × 5 =

ពេញនិយម

Exit mobile version