ព័ត៌មានអន្តរជាតិ
លិចទូកដឹកអ្នកដំណើរនៅឥណ្ឌូណេស៊ី ស្លាប់កើនឡើងដល់ ៦៤នាក់ ខណៈអ្នកជួយសង្គ្រោះនៅបន្តស្វែងរកនាក់បាត់ខ្លួន
ចំនួនអ្នកស្លាប់បន្ទាប់ពីមានហេតុការណ៍លិចទូកដឹកអ្នកដំណើរនៅក្នុងសមុទ្រជ្វា (Java Sea) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីជិតពីរសប្តាហ៍មុន បានកើនឡើងដល់ ៦៤នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានពង្រីកប្រតិបត្តិការស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបន្តបាត់ខ្លួន។ នេះបើយោងតាមមន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញានេះ។
ទូកឈ្មោះ Virgo Transport 8 កំពុងដឹកអ្នកដំណើរចំនួន ២១៣នាក់ និងបុគ្គលិកនាវិកចំនួន ៣០នាក់ នៅពេលដែលវាបានបាត់ទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូន បន្ទាប់ពីបានចេញដំណើរពីទីក្រុង Surabaya (ស៊ូរ៉ាបាយ៉ា) ដែលជាទីក្រុងធំទីពីររបស់ឥណ្ឌូណេស៊ីនៅលើកោះជ្វា (Java) ដោយមានគោលដៅទៅកាន់ទីក្រុង Banjarmasin (បានចារម៉ាស៊ីន) នៅលើកោះ Borneo (បូណេអូ)។
បើតាមលោក Yudhi Bramantyo មន្ត្រីនៃទីភ្នាក់ងារជាតិស្វែងរក និងជួយសង្គ្រោះ បានបញ្ជាក់ថា «ក្នុងចំណោមមនុស្សសរុប ២៤៣នាក់ដែលនៅលើទូកនោះ មាន ១៧២នាក់ត្រូវបានជម្លៀសចេញ ដោយក្នុងនោះ ១០៨នាក់នៅរស់រានមានជីវិត ៦៤នាក់បានស្លាប់ និង ៧១នាក់ទៀតកំពុងស្ថិតក្នុងការស្វែងរកនៅឡើយ»។
លោកបានបន្តថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៤នាក់ចេញពីទូកដែលលិចនោះកាលពីថ្ងៃសៅរ៍ ខណៈដែលសាកសពចំនួន ៧នាក់ផ្សេងទៀតត្រូវបានរកឃើញនៅតាមបណ្តោយឆ្នេរសមុទ្រ។
ជាទូទៅ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានរយៈពេល ៧ថ្ងៃ ប៉ុន្តែអាជ្ញាធរអាចពន្យារពេលប្រតិបត្តិការនេះបាន ដោយផ្អែកលើកត្តានានា រួមទាំងការវាយតម្លៃថាអាចនឹងនៅមានឱកាសស្វែងរកឃើញជនរងគ្រោះមួយចំនួន។
គូសបញ្ជាក់ថា គ្រោះថ្នាក់ទាក់ទងនឹងការធ្វើដំណើរតាមផ្លូវទឹកតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ មានកោះជាង ១៧,០០០ និងពឹងផ្អែកយ៉ាងខ្លាំងលើការធ្វើដំណើរតាមទូក ឬនាវាសម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃ និងវិស័យទេសចរណ៍។ យ៉ាងណាម៉ិញ ស្តង់ដារសុវត្ថិភាពដែលមិនតឹងរ៉ឹង និងអាកាសធាតុដែលពិបាកនឹងព្យាករណ៍ទុកជាមុន គឺជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះមហន្តរាយទាំងនេះ៕