ព័ត៌មានអន្តរជាតិ

ប្រទេសថៃប្រកាសអាសន្នគ្រោះមហន្តរាយទឹកជំនន់នៅទូទាំងទីក្រុងបាងកក

Published

on

74 Views

អាជ្ញាធរទីក្រុងបាងកកបានប្រកាសនៅថ្ងៃសៅរ៍ ទី២៦កញ្ញានេះថា មានគ្រោះមហន្តរាយទឹកជំនន់កើតឡើងនៅគ្រប់ខណ្ឌទាំង ៥០ នៃរដ្ឋធានីរបស់ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។

ការប្រកាសនេះ ដែលផ្តល់សិទ្ធិអំណាចដល់ស្ថាប័នមូលដ្ឋានក្នុងការចាត់វិធានការនានា បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងបានលើកឡើងថា មានទឹកភ្លៀងធ្លាក់ក្នុងកម្រិតជិត ៣០០ មីលីម៉ែត្រ (១១,៨ អ៊ីញ) ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។

យោងតាមអង្គភាពរបស់ AFP បានឃើញថា ភ្លៀងបានធ្លាក់ស្ទើរតែជាប់ៗគ្នាចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍មក ដោយបានបង្កឱ្យមានទឹកជំនន់លើដងផ្លូវ និងធ្វើឱ្យកម្រិតទឹកក្នុងប្រឡាយនានានៅទីក្រុងបាងកកកើនឡើងខ្ពស់ រហូតហូរចូលទៅក្នុងផ្ទះ និងភោជនីយដ្ឋានជាច្រើនដែលស្ថិតនៅតាមបណ្តោយប្រឡាយទាំងនោះ។

ទន្ទឹមគ្នានេះលោក Chadchart Sittipunt អភិបាលទីក្រុងបាងកក បានលើកឡើងថា តំបន់ភាគខាងកើតនៃទីក្រុងគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ហើយលោកបានព្រមានថា មានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

លោកបានសរសេរនៅលើបណ្តាញសង្គមថា «ភ្លៀងនៅតែបន្តធ្លាក់ ហើយយើងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ យើងកំពុងព្យាយាមបូមទឹកចេញ ប៉ុន្តែទឹកនៅក្នុងប្រឡាយគឺពេញអស់ហើយ»។

លោកបានបន្តថា «តំបន់ដែលមានហានិភ័យគឺតំបន់ដែលប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយ។ ឥឡូវនេះប្រឡាយទាំងអស់គឺពេញទឹក»។ លោកបានជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ទីរថយន្តរបស់ពួកគេទៅកាន់ទីតាំងដែលមានកម្ពស់ខ្ពស់ជាងមុនផងដែរ។

លោកក៏បានជំរុញឱ្យអ្នកជំងឺដែលត្រូវសម្រាកព្យាបាលលើគ្រែ និងពឹងផ្អែកលើឧបករណ៍វេជ្ជសាស្ត្រសម្រាប់ជួយសង្គ្រោះជីវិត ពិចារណាអំពីការស្នាក់នៅបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យ។

គួររំលឹកថា ទឹកជំនន់ដ៏ធំធេងនៅទូទាំងប្រទេសថៃកាលពីឆ្នាំ ២០១១ បានបណ្តាលឱ្យមនុស្សជាង ៥០០ នាក់ស្លាប់ និងផ្ទះសម្បែងរាប់លានខ្នងរងការខូចខាត៕

Leave a Reply

Your email address will not be published. Required fields are marked *

4 − three =

ពេញនិយម

Exit mobile version