ព័ត៌មានអន្តរជាតិ
ហ្វីលីពិន នឹងដោះលែងស្ត្រីម្នាក់ដែលធ្លាប់ប្រឈមមុខនឹងទោសប្រហារជីវិតនៅឥណ្ឌូណេស៊ី
ស្ត្រីជនជាតិហ្វីលីពីនម្នាក់ ដែលបានជាប់ឃុំអស់រយៈពេលជិត ១៥ ឆ្នាំក្នុងជួរអ្នករង់ចាំការប្រហារជីវិតនៅប្រទេសឥណ្ឌូណេស៊ីពីបទជួញដូរគ្រឿងញៀន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រ ទី២៥នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីប្រធានាធិបតី។
អ្នកស្រី Mary Jane Veloso ដែលមានទឹកមុខរីករាយ បានកាន់ឯកសារដែលចុះហត្ថលេខាដោយប្រធានាធិបតី Ferdinand Marcos ដែលផ្តល់ឱ្យនាងនូវ «ការលើកលែងទោសទាំងស្រុង» បន្ទាប់ពីចាកចេញពីបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃសុក្រ។
អ្នកស្រីបានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីដ៏គួរឱ្យគោរពរបស់យើង ដែលបានជម្រះឈ្មោះខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបានជួបជុំជាមួយគ្រួសារវិញ»។ លោកស្រីបន្តថា ទន្ទឹងរង់ចាំការជួបជុំជាមួយកូនប្រុសទាំងពីរនាក់របស់គាត់។
គូសបញ្ជាក់ថា អ្នកស្រី Veloso ត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិតដោយតុលាការឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០១០ បន្ទាប់ពីគេបានរកឃើញថាវ៉ាលីដែលគាត់កាន់នោះមានលាក់គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ២,៦ គីឡូក្រាម (៥,៧ ផោន)។
យ៉ាងណាម៉ិញ ប្រទេសឥណ្ឌូណេស៊ីបានផ្អាកការប្រហារជីវិតគាត់នៅឆ្នាំ ២០១៥ បន្ទាប់ពីអាជ្ញាធរហ្វីលីពីនបានចាប់ខ្លួនជនសង្ស័យដែលបានជ្រើសរើសគាត់ឱ្យធ្វើការងារនេះ ដែលត្រូវបានចោទប្រកាន់ថាបានបោកបញ្ឆោតគាត់ឱ្យដឹកជញ្ជូនវ៉ាលីដែលមានបាតពីរជាន់ (សម្រាប់លាក់របស់របរ) ដែលមានផ្ទុកគ្រឿងញៀនខុសច្បាប់។
ទីក្រុងហ្សាការតាបានប្រគល់គាត់ទៅឱ្យទីក្រុងម៉ានីលវិញនៅឆ្នាំ ២០២៤ ក្រោម «កិច្ចព្រមព្រៀងជាក់ស្តែង» សម្រាប់ការបញ្ជូនគាត់ត្រឡប់មកប្រទេសកំណើតវិញ ដែលអនុញ្ញាតឱ្យគាត់បន្តអនុវត្តទោសដែលនៅសល់នៅក្នុងពន្ធនាគារហ្វីលីពីន៕