ព័ត៌មានអន្តរជាតិ
TikTok នឹងបង់ប្រាក់ ១០០ លានដុល្លារដល់រដ្ឋ Alabama ក្រោមការព្រមព្រៀងដោះស្រាយវិវាទក្រៅតុលាការ
TikTok បានយល់ព្រមបង់ប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារដល់រដ្ឋ Alabama និងដាក់ចេញនូវការកំណត់សម្រាប់អ្នកប្រើប្រាស់វ័យជំទង់ ដើម្បីជៀសវាងការកាត់ក្តីដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋភាគខាងត្បូងនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីសុវត្ថិភាពកុមារនៅលើបណ្តាញសង្គមនេះ។ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី២៥កញ្ញានេះ។
ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Steve Marshall បានឱ្យដឹងថា «ក្រោមការព្រមព្រៀងដោះស្រាយវិវាទនេះ រដ្ឋ Alabama នឹងទទួលបានប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារ ដែលត្រូវបង់ជូនរដ្ឋក្នុងរយៈពេល ៤៥ ថ្ងៃ ហើយអាចទទួលបានរហូតដល់ ៣០០ លានដុល្លារ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ»។
ការកាត់ក្តីនេះត្រូវបានគ្រោងទុកថានឹងចាប់ផ្តើមនៅថ្ងៃចន្ទ ដោយចាប់ផ្តើមពីដំណាក់កាលជ្រើសរើសគណៈវិនិច្ឆ័យ។
លោក Marshall បានបញ្ជាក់ថា ក្រុមហ៊ុន TikTok បានយល់ព្រមដាក់ចេញនូវការកំណត់ពេលវេលាប្រើប្រាស់ត្រឹម ២ ម៉ោងក្នុងមួយថ្ងៃ និងកម្រិតការចូលប្រើប្រាស់សម្រាប់កុមារចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៦ ព្រឹក ព្រមទាំងវិធានការសុវត្ថិភាពផ្សេងៗទៀត រួមទាំងមុខងារសម្រាប់ឪពុកម្តាយក្នុងការត្រួតពិនិត្យផងដែរ។
យ៉ាងណាម៉ិញ បណ្តឹងរបស់រដ្ឋ Alabama គឺជាករណីចុងក្រោយគេនៅក្នុងរលកនៃការប្តឹងផ្តល់ទៅលើក្រុមហ៊ុនបណ្តាញសង្គមនានានៅទូទាំងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានដែលកម្មវិធីរបស់ពួកគេត្រូវបានគេចោទប្រកាន់ថាបង្កឡើងដល់អ្នកប្រើប្រាស់វ័យក្មេង។
កាលពីមុន TikTok ក៏ធ្លាប់បានសម្របសម្រួលបញ្ចប់បណ្តឹងដែលឈានទៅដល់ដំណាក់កាលជំនុំជម្រះក្តីផងដែរ រួមទាំងបណ្តឹងនៅទីក្រុង Los Angeles ដែលដាក់ដោយស្ត្រីវ័យក្មេងម្នាក់ និងបណ្តឹងពីមណ្ឌលសិក្សាធិការមួយក្នុងរដ្ឋ Kentucky។
ផ្ទុយទៅវិញ Meta បានជ្រើសរើសយកផ្លូវតតាំងក្តីនៅក្នុងតុលាការ ដែលនាំឱ្យទទួលបានលទ្ធផលដ៏ធ្ងន់ធ្ងរ។
កាលពីខែមីនា គណៈវិនិច្ឆ័យមួយរូបនៅក្នុងរដ្ឋ New Mexico បានសម្រេចឱ្យក្រុមហ៊ុនដែលជាម្ចាស់ Facebook និង Instagram មួយនេះ បង់ប្រាក់ចំនួន ៣៧៥ លានដុល្លារ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានបោកបញ្ឆោតសាធារណជនអំពីសុវត្ថិភាពនៃបណ្តាញសង្គមរបស់ខ្លួនសម្រាប់កុមារ។
នៅក្នុងខែដដែលនោះ គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles បានរកឃើញថា Meta និង YouTube របស់ Google មានការធ្វេសប្រហែសនៅក្នុងករណីរបស់ស្ត្រីវ័យ ២០ ឆ្នាំម្នាក់ ដែលបានអះអាងថា នាងបានញៀននឹងបណ្តាញសង្គមតាំងពីនៅក្មេង ដោយតុលាការបានសម្រេចផ្តល់សំណងចំនួន ៦ លានដុល្លារដល់នាង។
នៅខែសីហា Meta បានយល់ព្រមបង់ប្រាក់ចំនួន ១៨ ពាន់លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងដ៏ធំមួយដែលដាក់ដោយរដ្ឋនានារបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុននេះថាបានរចនា Instagram និង Facebook ក្នុងគោលបំណងធ្វើឱ្យកុមារញៀននឹងកម្មវិធីទាំងនេះ។
ប្រសិនបើឈានដល់ដំណាក់កាលជំនុំជម្រះក្តី TikTok នឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យជាសាធារណៈយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក អំពីរបៀបដែលខ្លួនគ្រប់គ្រងសុវត្ថិភាពផ្ទៃក្នុង ដោយឯកសាររបស់ក្រុមហ៊ុន និងសក្ខីកម្មរបស់អ្នកគ្រប់គ្រងអាចនឹងត្រូវបង្ហាញជាសាធារណៈនៅក្នុងតុលាការ។
ដំបូងឡើយ រដ្ឋ Alabama បានប្តឹង TikTok និងក្រុមហ៊ុនមេរបស់ខ្លួនដែលមានមូលដ្ឋាននៅចិនគឺ ByteDance នៅខែមេសា ឆ្នាំ ២០២៥ ដោយចោទប្រកាន់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេងឱ្យញៀន «ដូចទៅនឹងម៉ាស៊ីនលេងល្បែងស៊ីសងដ៏ទំនើបមួយដែរ»។
ក្រោយមក រដ្ឋនេះបានកម្រិតវិសាលភាពនៃបណ្តឹងរបស់ខ្លួនមកត្រឹមការចោទប្រកាន់ក្រោមច្បាប់ស្តីពីការអនុវត្តពាណិជ្ជកម្មដោយបោកបញ្ឆោត (Deceptive Trade Practices Act) របស់រដ្ឋ Alabama ដោយផ្តោតលើថាតើ TikTok បានផ្តល់ព័ត៌មានមិនពិតអំពីប្រសិទ្ធភាពនៃមុខងារនានា ដូចជា “Restricted Mode” (របៀបកម្រិតការចូលប្រើ) និង “Kids Mode” (របៀបសម្រាប់កុមារ) ឬយ៉ាងណា។
នៅក្នុងពាក្យបណ្តឹងនោះ រដ្ឋបានបញ្ជាក់ថា អ្នកស៊ើបអង្កេតបានបង្កើតគណនី TikTok ដោយធ្វើខ្លួនជាក្មេងអាយុ ១៣, ១៤ និង ១៥ ឆ្នាំនៅក្នុងរដ្ឋ Alabama ហើយបានបើកដំណើរការមុខងារ Restricted Mode។
ទោះបីជា TikTok បានធានាថាអ្នកប្រើប្រាស់ក្នុងរបៀបនេះនឹងមិនឃើញមាតិកាសម្រាប់មនុស្សពេញវ័យក៏ដោយ ប៉ុន្តែគណនីទាំងនោះបែរជាទទួលបានវីដេអូយ៉ាងឆាប់រហ័សអំពីការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ជំងឺនៃការបរិភោគ (eating disorders) គ្រឿងស្រវឹង និងរឿងផ្លូវភេទ នេះបើយោងតាមឯកសារបណ្តឹង។
រដ្ឋក៏បានចោទប្រកាន់ TikTok ផងដែរថា បានផ្តល់ព័ត៌មានមិនពិតដល់ហាងកម្មវិធី (app stores) ដោយអះអាងថាវេទិកានេះសាកសមសម្រាប់កុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ និងមានតែខ្លឹមសារសម្រាប់មនុស្សពេញវ័យក្នុងកម្រិតស្រាល ឬកម្រមានប៉ុណ្ណោះ៕