ព័ត៌មានអន្តរជាតិ
នាវិកអាមេរិក៨នាក់ ប៉ុនប៉ងធ្វើអត្តឃាតនៅលើនាវាផ្ទុកយន្តហោះ
មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកម្នាក់បានសរសេរក្នុងលិខិតមួយនៅថ្ងៃទី២៤ ខែកញ្ញានេះថា បុគ្គលិកកងទ័ពជើងទឹកអាមេរិកចំនួន ៨នាក់ ដែលកំពុងបំពេញបេសកកម្មនៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានប៉ុនប៉ងធ្វើអត្តឃាត ចាប់តាំងពីការចាប់ផ្តើមបេសកកម្មដ៏សែនយូរនៅតំបន់មជ្ឈិមបូព៌ា។
បុគ្គលិកយោធាមួយចំនួននៅលើនាវា បានរអ៊ូរទាំថាមានភាពលំបាកខ្លាំងបំផុត មានការព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ និងផលប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់នាវិក។
យ៉ាងណាម៉ិញរហូតមកដល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារការធ្វើអត្តឃាតកើតឡើង អំឡុងពេលបេសកកម្មនោះទេ។
យោងតាមលិខិតរបស់ លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក បានផ្ញើទៅកាន់សមាជិកព្រឹទ្ធសភា លោកស្រី Kirsten Gillibrand (មកពីគណបក្សប្រជាធិបតេយ្យ រដ្ឋញូវយ៉ក) ឱ្យដឹងថា ករណីប៉ុនប៉ងធ្វើអត្តឃាតខាងលើ រួមមានករណីពាក់ព័ន្ធនឹងសមាជិកនាវិក និងបុគ្គលិកមកពីផ្នែកផ្សេងៗដូចជា អង្គភាពអាកាសចរណ៍ប្រចាំនាវា ក្រុមវាយប្រហារ និងបុគ្គលិកកងនាវាពិឃាត ព្រមទាំងនាវាពិឃាតដែលអមដំណើរ និងរាល់អង្គភាពអាកាសចរណ៍ទាំងអស់ស្ថិតនៅលើនាវានោះ។
គួរបញ្ជាក់ថា បុគ្គលិកយោធាប្រមាណ ៧ ៥០០នាក់ ភាគច្រើនជាទាហានជើងទឹក គឺជាផ្នែកមួយនៃក្រុមនាវាចម្បាំងវាយលុកប្រចាំតំបន់មជ្ឈិមបូព៌ា៕