ចំណេះដឹងទូទៅ
ទីក្រុងភ្នំពេញ ប្រកាសការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលម្អិតទាំង១១នោះថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ដើម្បី៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។”។
កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕