ចំណេះដឹងទូទៅ
យុទ្ធសាស្ត្រ «ជ្រៀតខ្លួនបន្តិចម្តងៗ» របស់ថៃ ដើម្បីបង្ហាញថាគេក៏ជាចំណែកនៃអរិយធម៌
ជាក់ស្តែង រូបភាពបុរាណរបស់ខ្មែរនាចន្លោះឆ្នាំ ១៨៧០-១៩៣០ ដូចជារូបថតស្ត្រីកាត់សក់ជ្រងផ្កាថ្កូវ និងបុរសស្លៀកសំពត់ក្បិនលែងខ្លួនទទេ ដែលថតដោយជាងថតរូបបារាំង (ដូចជា Émile Gsell និង John Thomson) គឺមានភស្តុតាងប្រវត្តិសាស្ត្រ និងសិល្បៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័នបញ្ជាក់យ៉ាងច្បាស់លាស់។ ប៉ុន្តែ ភាគីថៃបែរជាចេញមកអះអាងថាជារូបភាពរបស់ដូនតាគេ និងចោទថាខ្មែរចម្លងពីគេទៅវិញ។ នេះគឹជាខ្លឹមសារសំណេររបស់លោក ឈួរ សុបញ្ញា នៅថ្ងៃទី២២ កញ្ញានេះ។
លោកបន្តថា នេះគឺជាយុទ្ធសាស្ត្រ «ជ្រៀតខ្លួនបន្តិចម្តងៗ» របស់ថៃ ដើម្បីបង្ហាញថាគេក៏ជាចំណែកនៃអរិយធម៌នេះដែរ ដែលចុងក្រោយ គេអាចនឹងយកលេសនេះមកវាយលុក ឬអះអាងកាន់កាប់អ្វីដែលជារបស់ខ្មែរយើង។ អ្វីដែលគេ(សៀម)កំពុងធ្វើដោយឥតអៀនខ្មាស់នេះ គឺធ្វើឡើងយ៉ាងគឃ្លើនដើម្បីផលប្រយោជន៍នៃការបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់សៀម និងបង្កើតភាពស្មុគស្មាញដល់ឆាកអន្តរជាតិ ក្រោយពេលកិច្ចប្រជុំនៅសិង្ហបុរី និងមុនពេលកិច្ចប្រជុំបន្តនៃយន្តការ UNCLOSE ព្រមទាំងសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។
បង្ហោះតាមបណ្តាញសង្គម មន្រ្តីជាន់ខ្ពស់វិស័យសាសនារូបនេះបានសរសេរថា ទោះបីជាយ៉ាងណាក៏ដោយ ជនណាដែលតែងតែរស់នៅដោយការបំពាន លួចបន្លំ និងឈ្លានពានទ្រព្យ ឬកេរមរតករបស់អ្នកដទៃ វាមិនអាចចម្រើនលូតលាស់ស្ថិតស្ថេរបានយូរអង្វែងឡើយ ដោយទុក្ខឱ្យកម្មផលជាអ្នកកំណត់ឱ្យប្រទេសនេះចុះ ព្រោះតាមទស្សនៈពុទ្ធសាសនានោះថា «ផលមិនដែលក្បត់ហេតុនោះឡើយ»។
លោករំលឹកថា ក្រៅពីការប្រុងប្រយ័ត្នចំពោះល្បិចបង្វែរសតិអារម្មណ៍របស់គេ កូនខ្មែរទាំងឡាយត្រូវតែរួមគ្នាជាធ្លុងមួយ ភ្ញាក់រលឹក បន្តការអាន និងស្វែងយល់ប្រវត្តិសាស្ត្រឱ្យបានចេះដឹងគ្រប់ៗគ្នា រួចផ្ទេរចំណេះដឹងនេះទៅកាន់ក្មេងជំនាន់ក្រោយ។ កុំឱ្យចោរបំភាន់ប្រវត្តិសាស្ត្រសៀម(ថៃ)ឡើយដោយយើងត្រូវចងចាំថា ថែរក្សាការពារមរតកដូនតា គឺការការពារជីវិត និងបូរណភាពទឹកដីខ្មែរយើងទាំងមូល