ព័ត៌មានអន្តរជាតិ

ជម្លោះជនភៀសខ្លួននៅប្រទេសអេត្យូពី បណ្តាលឱ្យមនុស្ស ១២នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស

Published

on

57 Views

មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដោយសារការប៉ះទង្គិចគ្នានៅភាគខាងលិចប្រទេសអេត្យូពី ក្បែរព្រំដែនជាប់ជាមួយប្រទេសស៊ូដង់ខាងត្បូង។

យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃទី២១​ ខែកញ្ញានេះបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងសហគមន៍តែងតែកើតមានជាញឹកញាប់នៅក្នុងតំបន់ Gambella ដែលជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនជាង ៤០០,០០០នាក់ ដែលភាគច្រើនជាជនជាតិស៊ូដង់ខាងត្បូង បានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសដែលក្មេងជាងគេបំផុតក្នុងពិភពលោកមួយនេះ។

អង្គការមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រមួយនេះបាននិយាយថា «ក្រុមការងាររបស់ MSF នៅមជ្ឈមណ្ឌលសុខភាព Kule ក្នុងតំបន់ Gambella នៃប្រទេសអេត្យូពី បាននិងកំពុងជួយសង្គ្រោះអ្នកជំងឺដែលរងរបួសជាច្រើននាក់ បន្ទាប់ពីមានអំពើហិង្សានៅតំបន់ Itang Special Woreda កាលពីថ្ងៃទី ១៨ ខែកញ្ញា»។

បើតាម MSF បានឱ្យដឹងថា ខ្លួនបានទទួលអ្នកជំងឺចំនួន ៨៨នាក់ដែលរងផលប៉ះពាល់ពីអំពើហិង្សាកាលពីថ្ងៃសុក្រ ក្នុងនោះមាន ៨នាក់បានស្លាប់រួចទៅហើយ និង ៤នាក់ទៀតបានស្លាប់នៅពេលមកដល់មជ្ឈមណ្ឌល។

គូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍មួយរបស់វិទ្យាស្ថាន Rift Valley Institute កាលពីឆ្នាំ ២០២៥ បានចង្អុលបង្ហាញថា ការកើនឡើងនៃជម្លោះនៅក្នុងតំបន់ Gambella គឺបណ្តាលមកពីការប្រជែងគ្នាលើធនធានសេដ្ឋកិច្ច និងការហូរចូលនៃជនភៀសខ្លួនមកកាន់តំបន់នេះ។

ប្រទេសអេត្យូពីក៏កំពុងជួបប្រទះបញ្ហាជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេចំនួនពីរ គឺតំបន់ Oromia និងតំបន់ Amhara ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

3 × one =

ពេញនិយម

Exit mobile version