ព័ត៌មានអន្តរជាតិ
អគ្គីភ័យឆេះរោងចក្រវាយនភណ្ឌនៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់
អគ្គិភ័យមួយបានឆាបឆេះរោងចក្រវាយនភណ្ឌមួយកន្លែងក្នុងទីក្រុង Foshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយបានបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍។
អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង ៣:១២ រសៀល នៅក្នុងអគារពីរជាន់មួយកន្លែងក្នុងតំបន់ឧស្សាហកម្ម ហើយត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលមួយម៉ោង។
យោងតាមរបាយការណ៍ អគារដែលរងការខូចខាតនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្ម រួមទាំងការបោកគក់ក្រណាត់ខោខូវប៊យ (denim) ហើយអគ្គិភ័យមិនបានរាលដាលទៅតំបន់ផ្សេងទៀតទេ។
វីដេអូមួយនៅលើបណ្តាញសង្គម បានបង្ហាញពីផ្សែងហុយយ៉ាងក្រាស់ចេញពីអគារនោះ ខណៈដែលអគារមួយទៀតដែលមានកម្ពស់ខ្ពស់ជាងបន្តិចនៅក្បែរនោះហាក់ដូចជាមិនរងផលប៉ះពាល់អ្វីឡើយ។
របាយការណ៍របស់ទូរទស្សន៍រដ្ឋបានឱ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយមូលហេតុនៃអគ្គិភ័យនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕