ព័ត៌មានអន្តរជាតិ

ឡាវប្រឈមវិបត្តិហិរញ្ញវត្ថុ ក្រោយមេរោគផ្តាសាយជ្រូកអាហ្វ្រិកសម្លាប់ជ្រូកជាង ១ម៉ឺនក្បាល

Published

on

64 Views

(ក្រុងវៀងច័ន្ទ)៖ ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីខេត្ត-ក្រុងជាច្រើននៃប្រទេសឡាវ រួមមានខេត្តសាយ៉ាបូរី ផុងសាលី ហួផាន់ សាយសំប៊ូន លួងផ្រាបាង និងរដ្ឋធានីវៀងចន្ទន៍ បានបណ្តាលឱ្យជ្រូកសរុបចំនួន ១១,៣៦៩ ក្បាលបាត់បង់ជីវិតចាប់តាំងពីផ្ទុះឡើងដំបូងកាលពីខែមិថុនា។ វិបត្តិនេះបានប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែនៅក្នុងខេត្តសាយ៉ាបូរី និងខេត្តផ្រាបាង បានខាតបង់ក្នុងទំហំទឹកប្រាក់រហូតដល់ជាង ១៦ពាន់លានគីប (ប្រមាណ ៧១៥,៧០០ ដុល្លារអាម៉េរិក) ព្រមទាំងប្រឈមនឹងការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។

យោងតាមកាសែតឡាវ The Laotian Times បានផ្សាយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម អាជ្ញាធរឡាវបានរឹតបន្តឹងការត្រួតពិនិត្យ និងហាមឃាត់ការដឹកជញ្ជូន ព្រមទាំងការលក់ដូរជ្រូក និងផលិតផលសាច់ជ្រូក ដោយតម្រូវឱ្យមធ្យោបាយដឹកជញ្ជូនទាំងអស់ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាចាំបាច់ ខណៈអ្នកល្មើសនឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ ឬចំណាត់ការតាមផ្លូវច្បាប់។

ក្នុងទិដ្ឋភាពនៅទូទាំងប្រទេស អាជ្ញាធរឡាវបានបង្កើតចំណុចត្រួតពិនិត្យជាច្រើនកន្លែង ដោយបញ្ជាឱ្យកសិកររាយការណ៍ និងផ្ញើសំណាកឈាមសត្វឈឺទៅពិនិត្យជាបន្ទាន់ ព្រមទាំងដាក់កំហិតឱ្យដាក់ជ្រូកឈឺដោយឡែក និងដុត ឬកប់សាកសពជ្រូកងាប់ទៅតាមបច្ចេកទេសសុខាភិបាលសត្វ។

បន្ថែមពីលើវិធានការណ៍តឹងរឹងនោះ អាជ្ញាធរឡាវបានណែនាំឱ្យកសិករ និងអាជីវករពង្រឹងវិធានការសុវត្ថិភាពជីវសាស្ត្រនៅតាមកសិដ្ឋាន ដូចជាការធ្វើរបងការពារ ការប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងការកម្រិតភ្ញៀវចេញចូល ដើម្បីទប់ស្កាត់វីរុសនេះមិនឱ្យឆ្លងរាលដាលបន្តទៅកាន់កសិដ្ឋានផ្សេងទៀត។

យោងតាមអ្នកជំនាញបានព្រមានថា ទោះបីជាជំងឺផ្តាសាយជ្រូកអាហ្វ្រិកជាជំងឺឆ្លងវីរុសដ៏កាចសាហាវដែលបង្កឱ្យជ្រូកស្លាប់រហូតដល់ជិត ១០០% ក៏ដោយ ប៉ុន្តែវាមិនឆ្លង ឬបង្កហានិភ័យសុខភាពដោយផ្ទាល់ដល់មនុស្សឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

two × three =

ពេញនិយម

Exit mobile version