ព័ត៌មានអន្តរជាតិ

អាមេរិកចាប់ខ្លួនជនសង្ស័យ ១៨ នាក់ពាក់ព័ន្ធនឹងការសម្លាប់ប្រធានាធិបតីហៃទី

Published

on

64 Views

ជនសង្ស័យចំនួន ១៨ នាក់ដែលពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីឆ្នាំ ២០២១ ត្រូវបានបញ្ជូនមកកាន់រដ្ឋផ្លរីដា ដើម្បីប្រឈមមុខនឹងការកាត់ទោស។ នេះបើយោងតាមមន្ត្រីអាមេរិកបានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញានេះ។

លោក Moise ដែលមានអាយុ ៥៣ ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នៅឯលំនៅដ្ឋានឯកជនរបស់លោក ដោយក្រុមទាហានស៊ីឈ្នួលជនជាតិកូឡុំប៊ីប្រហែល ២០ នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកយោធា។ ព្រឹត្តិការណ៍នោះ ក្រុមអង្គរក្សរបស់លោកមិនបានធ្វើអន្តរាគមន៍ដើម្បីការពារលោកឡើយ។

បើតាមលោក Brett Skiles ដែលជាភ្នាក់ងារពិសេសរបស់ FBI បានឱ្យដឹងថា «ការចាប់ខ្លួននៅទីតាំងជាច្រើនកន្លែង និងជាលក្ខណៈអន្តរជាតិនៅថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ FBI ក្នុងការនាំយកអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងផែនការនេះមកទទួលទោសតាមច្បាប់»។

ទន្ទឹមគ្នានោះ ព្រះរាជអាជ្ញាសហព័ន្ធ លោក Jason Reding Quinones ក៏បាននិយាយដែលថា «មនុស្ស ១៨ នាក់ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធាពីប្រទេសហៃទី ដើម្បីប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌អាមេរិកនៅក្នុងតំបន់ Southern District នៃរដ្ឋផ្លរីដា»។

លោកបន្ថែមថា «៥ ឆ្នាំក្រោយមក យើងនៅតែបន្តនាំយកជនជាប់ចោទមកកាន់តុលាការអាមេរិក ហើយការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ»។ លោកបានបន្តថា រហូតមកដល់ពេលនេះ មានជនសង្ស័យចំនួន ៣០ នាក់ហើយដែលត្រូវបានចោទប្រកាន់ជាផ្លូវការនៅក្នុងករណីឃាតកម្មនេះ។

ប្រភពពីស្ថាប័នរដ្ឋាភិបាល និងប៉ូលិសហៃទីបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនខ្លួនមកនោះ មានជនសង្ស័យសំខាន់ម្នាក់នៅក្នុងការស៊ើបអង្កេត គឺលោក Joseph Felix Badio ដែលជាអតីតមន្ត្រីប្រឆាំងអំពើពុករលួយនៅក្រសួងយុត្តិធម៌ហៃទី។ ខណៈអ្នកផ្សេងទៀតគឺជាទាហានស៊ីឈ្នួលជនជាតិកូឡុំប៊ី។

កាលពីខែឧសភា បុរស ៤ នាក់ត្រូវបានតុលាការសហព័ន្ធក្នុងទីក្រុងម៉ៃអាមីកាត់ទោសថាមានទោសលើការចោទប្រកាន់នានា រួមមាន ការសមគំនិតសម្លាប់ ឬចាប់ជំរិតលោក Moise ការសមគំនិតផ្តល់ការគាំទ្រផ្នែកសម្ភារៈ និងការរំលោភលើច្បាប់ស្តីពីអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិក (US Neutrality Act) តាមរយៈការចូលរួមក្នុងប្រតិបត្តិការយោធាខុសច្បាប់នៅបរទេស។

យ៉ាងណាក៏ដោយ ជនសង្ស័យទាំងនោះអាចប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

យោងតាមក្រុមព្រះរាជអាជ្ញាសហព័ន្ធ បុរសទាំង ៤ នាក់នេះមានទំនាក់ទំនងជាមួយក្រុមហ៊ុនសន្តិសុខឯកជន CTU ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា ហើយត្រូវបានគេទាក់ទាញឱ្យចូលរួមក្នុងផែនការនេះ ដោយសន្យាថានឹងទទួលបានកិច្ចសន្យាដែលមានផលចំណេញខ្ពស់ ប្រសិនបើលោក Moise ត្រូវបានទម្លាក់ចេញពីតំណែង។

កាលពីពេលកន្លងទៅ មនុស្សចំនួន ១១ នាក់ត្រូវបានចោទប្រកាន់រួចហើយនៅក្នុងតុលាការសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ដោយសារតុលាការអាមេរិកមានយុត្តាធិការលើផែនការដែលត្រូវបានរៀបចំឡើងនៅលើទឹកដីអាមេរិក។

គួរំលឹកថា ប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពវឹកវរខ្លាំងឡើងៗចាប់តាំងពីការសម្លាប់លោក Moise មក ហើយបច្ចុប្បន្នប្រទេសនេះមិនមានប្រធានាធិបតីទេ។ ប្រទេសនេះកំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ មក ព្រមទាំងការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ប្រសិនបើស្ថានភាពសន្តិសុខអនុញ្ញាត។

ចំពោះបញ្ហាផ្ទៃក្នុងវិញ ក្រុមឧក្រិដ្ឋជនគ្រប់គ្រងតំបន់ប្រហែល ៨០ ភាគរយនៃទីក្រុង Port-au-Prince ហើយអំពើហិង្សាដូចជាការចាប់ជំរិតទារប្រាក់លោះ ការប្លន់ប្រដាប់អាវុធ និងការប្លន់យានយន្ត កំពុងបង្កបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

nine − 4 =

ពេញនិយម

Exit mobile version