ព័ត៌មានអន្តរជាតិ
លោក ត្រាំ អះអាងថា អាមេរិក និងដាណឺម៉ាក បានសម្រេចកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងកោះ Greenland
(ទីក្រុងវ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញាថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន (Greenland) បានចុះកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតវត្តមានយោធាយ៉ាងសំខាន់នៅលើទឹកដីហ្គ្រីនឡែន ស្របពេលដែលហាមឃាត់មិនឱ្យគូប្រជែងរបស់សហរដ្ឋអាមេរិកសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅលើកោះនេះ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិករូបនេះបានសរសេរថា គ្មានសត្រូវរបស់សហរដ្ឋអាមេរិកណាមួយអាចធ្វើការវិនិយោគដែលមានលក្ខណៈរសើបនៅលើកោះនេះបានឡើយ ប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ។
លោក ត្រាំ បានសរសេរថា «តាមរយៈការណែនាំរបស់ខ្ញុំ យើងបានធ្វើការជាមួយតំណាងមកពីប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន ដើម្បីធានាថាសហរដ្ឋអាមេរិកនឹងមានសមត្ថភាពពេញលេញជារៀងរហូត ក្នុងការធ្វើសកម្មភាពចាំបាច់នានានៅលើទឹកដីហ្គ្រីនឡែន ដើម្បីការពារសន្តិសុខរបស់ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក»។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក និងដាណឺម៉ាក កំពុងឈានទៅរកកិច្ចព្រមព្រៀងមួយដែលនឹងនាំឱ្យមានការបង្កើនវត្តមានយោធាអាមេរិកនៅហ្គ្រីនឡែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនឈានដល់កម្រិតនៃការសម្រេចបាននូវក្តីសុបិនដ៏យូរអង្វែងរបស់លោក ត្រាំ ក្នុងការទិញយកកោះនេះសម្រាប់សហរដ្ឋអាមេរិកនោះទេ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានសិទ្ធិស្ទើរតែពេញលេញរួចទៅហើយក្នុងការហោះហើរឆ្លងកាត់ និងការប្រើប្រាស់មូលដ្ឋានយោធានៅហ្គ្រីនឡែន ដោយសារតែមានសន្ធិសញ្ញាឆ្នាំ ១៩៥១។
ការប្រកាសរបស់លោក ត្រាំ បង្ហាញថា ទោះជាយ៉ាងណាក៏ដោយ លោកពេញចិត្តនឹងលទ្ធផលនៃការចរចា ហើយលោកប្រហែលជាមិនលើកយកបញ្ហាទាមទារទឹកដីនេះមកពិភាក្សាឡើងវិញទេ យ៉ាងហោចណាស់ក៏ក្នុងពេលដ៏ខ្លីខាងមុខនេះដែរ។ ទោះបីយ៉ាងណាក៏ដោយ លោកបាននិយាយដោយមិនបានបញ្ជាក់លម្អិតថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយវត្តមានយោធាយ៉ាងច្រើននៅលើកោះនេះក្នុងពេលឆាប់ៗ ដែលបច្ចុប្បន្នមានមូលដ្ឋានកងកម្លាំងអវកាស (Space Force) មួយរួចទៅហើយនៅតំបន់ភាគពាយ័ព្យដ៏ដាច់ស្រយាល។
លោក ត្រាំ បានសរសេរថា «នេះគឺជាក្តីសុបិនដែលក្លាយជាការពិតសម្រាប់សហរដ្ឋអាមេរិក»៕