ព័ត៌មានអន្តរជាតិ
មូលហេតុដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្សែងអ័ព្ទ
ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដែលបានបង្កឱ្យមានផ្សែងហុយយ៉ាងក្រាស់គ្របដណ្តប់លើប្រជាជនជាង ១២ លាននាក់ និងបានបណ្តាលឱ្យផ្សែងអ័ព្ទរាលដាលទៅដល់កម្ពុជា និងប្រទេសជិតខាងផងដែរ។
ភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន ៧ នៅលើកោះ Borneo និងកោះ Sumatra បានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អាកាសធាតុស្ងួតហួតហែង និងគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹងបាតុភូត «Super El Niño» កំពុងធ្វើឱ្យការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះកាន់តែមានការលំបាក។ ភ្លើងឆេះព្រៃបែបនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះ ជាពិសេសនៅពេលដែលកសិករ និងក្រុមហ៊ុននានាដុតកម្ទេចរុក្ខជាតិដើម្បីសម្អាតដី។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចាប់ពីខែមករាដល់ខែកក្កដា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីអស់ ២០២,០០០ ហិកតា។ ដោយឡែកនៅក្នុងខែសីហា តែមួយខែប៉ុណ្ណោះ ភ្លើងបានឆេះបំផ្លាញផ្ទៃដីអស់ ៦០០,០០០ ហិកតា នេះបើយោងតាមការបញ្ជាក់ពីក្រុមការងារផ្នែកបរិស្ថាន YKAN។
ផ្សែងដែលកើតចេញពីភ្លើងឆេះព្រៃ ដែលមានផ្ទុកនូវធូលីខ្មៅ (soot) និងភាគល្អិតតូចៗដែលអណ្តែតក្នុងខ្យល់ បានបង្កជាផ្សែងអ័ព្ទគ្របដណ្តប់លើតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ ខណៈដែលស្ថានភាពអាកាសធាតុមានសំណើមខ្ពស់បានធ្វើឱ្យការមើលឃើញមានកម្រិត។ លោក Suwadi ដែលជាអ្នករស់នៅក្នុងតំបន់ Kalimantan បានប្រាប់កាសែត The Guardian កាលពីខែមុនថា ការដកដង្ហើមក្នុងស្ថានភាពនេះគឺមានអារម្មណ៍ «ដូចជាកំពុងជក់បារី»។
យ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌូណេស៊ីបានព្រមានថា ភ្លើងឆេះព្រៃអាចនឹងបន្តកើតមានរហូតដល់ខែតុលា ឬដើមខែវិច្ឆិកា ដោយសារការព្យាករណ៍ថា រដូវវស្សានឹងមកដល់យឺតជាងធម្មតា។ រដ្ឋាភិបាលបានអំពាវនាវដល់កសិករ និងក្រុមហ៊ុននានា កុំឱ្យប្រើប្រាស់ភ្លើងដើម្បីសម្អាតដី ដែលជាសកម្មភាពខុសច្បាប់។
គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ប៉ូលិសឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតមនុស្សចំនួន ១១២ នាក់ ដែលសង្ស័យថាបានបង្កឱ្យមានភ្លើងឆេះដោយចេតនា ឬដោយអចេតនា ហើយក្រុមហ៊ុនចំនួន ៥ ត្រូវបានផ្អាកអាជ្ញាប័ណ្ណដោយសារជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះទាំងនោះ។
ជាមួយគ្នានេះ ប្រធានាធិបតី Prabowo Subianto បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន និងបានបញ្ជាឱ្យរដ្ឋាភិបាលមូលដ្ឋានលុបចោលការលើកលែងច្បាប់ដែលអនុញ្ញាតឱ្យកសិករខ្នាតតូចអាចសម្អាតដីទំហំតូចដោយការដុត។
ជាការឆ្លើយតបនឹងភ្លើងឆេះព្រៃនេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយយន្តហោះជាង ៥០ គ្រឿង ដើម្បីធ្វើប្រតិបត្តិការទម្លាក់ទឹក និងបាញ់ថ្នាំបង្កភ្លៀងសិប្បនិម្មិត (cloud seeding) នៅលើតំបន់ដែលរងផលប៉ះពាល់ក្នុងកោះ Sumatra និង Kalimantan ខណៈដែលប្រទេសជប៉ុនបានបញ្ជូនឧទ្ធម្ភាគចក្រ CH-47 Chinook ចំនួន ៣ គ្រឿង ដើម្បីជួយ ពន្លត់អគ្គិភ័យ។
បន្ថែមពីនោះ ស្ថាប័នរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក៏បានចែកជូននូវស៊ីឡាំងអុកស៊ីសែនដល់ប្រជាពលរដ្ឋ និងអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតផងដែរ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «Rumah Oksigen» ឬ «ផ្ទះអុកស៊ីសែន»៕