ព័ត៌មានអន្តរជាតិ

ក្រុមបំបែកខ្លួនមូស្លីមនៅថៃប្តេជ្ញាប្រយុទ្ធរហូតដល់ទីបញ្ចប់

Published

on

16 Views

(ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។

យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN បានតស៊ូដើម្បីបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយនៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ទោះបីជាភាពចលាចលនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមនៅឆ្នាំ ២០០៤ ក៏ដោយ។

រយៈពេលជាយូរមកហើយដែលរដ្ឋាភិបាលប្រទេសថៃ បាននិងកំពុងចរចាជាមួយក្រុម BRN ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០១៣ មក ដោយកិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុតបានធ្វើឡើងនៅក្នុងខែធ្នូ។

ប៉ុន្តែដំណើរការនេះត្រូវបានជាប់គាំងជាញឹកញាប់ ហើយទីក្រុងបាងកកបានផ្អាកកិច្ចសន្ទនានៅក្នុងខែកក្កដា បន្ទាប់ពីមានការវាយប្រហារមួយដែលបានសម្លាប់ទាហានចំនួន ៥ នាក់។ ក្រោយមកលោក Nikmatullah បាននិយាយនៅក្នុងសណ្ឋាគារមួយនៅទីក្រុងគូឡាឡាំពួរ ដែលជារដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ីថា «គោលដៅនៅតែដដែល គឺការទាមទារឯករាជ្យភាព»។

គូសបញ្ជាក់ថា តំបន់ភាគខាងត្បូងធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ Patani របស់ជនជាតិម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ប្រទេសថៃ (ដែលកាលនោះហៅថា សៀម) ដែលមានប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ នៅដើមទសវត្សរ៍ឆ្នាំ ១៩០០។

យោងតាមអង្គការឃ្លាំមើល Deep South Watch ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,០០០ នាក់ រួមមានក្រុមសកម្មប្រយុទ្ធ កងកម្លាំងសន្តិសុខថៃ និងជនស៊ីវិល បានបាត់បង់ជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *

seven + seventeen =

ពេញនិយម

Exit mobile version