ព័ត៌មានអន្តរជាតិ

ប្រទេសហ្វីជី ប្រកាសអាសន្នមេរោគអេដស៍ រីករាលដាលទូទាំងប្រទេស

Published

on

10 Views

ប្រទេសហ្វីជី (Fiji) បានប្រកាសពីវិបត្តិជំងឺអេដស៍ (HIV) កម្រិតជាតិ ខណៈដែលការឆ្លងតាមរយៈការរួមភេទ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានរួមចំណែកដល់ការរីករាលដាលនៃមេរោគនេះ ដែលបច្ចុប្បន្នប៉ាន់ប្រមាណថាមានមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៦០នាក់នៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយនេះកំពុងឆ្លងមេរោគ។

អាជ្ញាធរបានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺអេដស៍ ដែលត្រូវ​បានរកឃើញថ្មីបានកើនឡើងដល់ ២,០១៦ករណីនៅឆ្នាំ ២០២៥ ដែលជាតួលេខខ្ពស់ជាង ១៦ដងធៀបនឹងកម្រិតដែលបានកត់ត្រានៅឆ្នាំ ២០១៩ ហើយពួកគេបានប្តេជ្ញាអនុវត្តវិធានការឆ្លើយតបដោយមានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Atonio Lalabalavu បានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិទាក់ទងនឹងមេរោគអេដស៍នៅក្នុងប្រទេសហ្វីជី។

លោកបានបន្តថា «ការសម្រេចចិត្តនេះទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះ និងតម្រូវការចាំបាច់សម្រាប់ការឆ្លើយតបជាលក្ខណៈសម្របសម្រួលជាបន្ទាន់ ដែលប្រទេសជាតិត្រូវការនៅពេលនេះ។

ដោយឡែក រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សពេញវ័យប្រហែលម្នាក់ក្នុងចំណោម ៦០នាក់នៅប្រទេសហ្វីជីមានផ្ទុកមេរោគអេដស៍ដែលជាការកើនឡើងពីអត្រាម្នាក់ក្នុងចំណោម ១៦៧នាក់កាលពី ៥ឆ្នាំមុន។

រដ្ឋាភិបាលបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ២នាក់ក្នុងចំណោម ១០០នាក់មានផ្ទុកមេរោគនេះ។ ក្នុងចំណោមទារក ៥៩នាក់ដែលកើតមកមានផ្ទុកមេរោគអេដស៍នៅឆ្នាំ២០២៥ មានទារក ១៨នាក់បានស្លាប់មុនពេលពួកគេមានអាយុគ្រប់មួយខួប។

រដ្ឋាភិបាលបានអះអាងថា ខ្លួនកំពុងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យរកមេរោគអេដស៍ ដើម្បីការពារ និងព្យាបាលដោយឥតគិតថ្លៃ។

វិធានការទាំងនោះរួមមាន «ការធ្វើតេស្តរហ័ស ថ្នាំបង្ការសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ វិធានការកាត់បន្ថយផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់ និងការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍»។

យោងតាមអង្គការ UNAIDS បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងជំងឺអេដស៍ ជាងពាក់កណ្តាលគឺពាក់ព័ន្ធនឹងការឆ្លងតាមរយៈការរួមភេទ ហើយជាង ៤២ភាគរយទៀតគឺពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

14 + ten =

ពេញនិយម

Exit mobile version