ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូទីប្រាប់អាម៉េរិកថា មិនវាយប្រហារនរណាទាំងអស់ លើកលែងតែអារ៉ាប៊ីសាអូឌីត

Published

on

13 Views

ក្រុមហ៊ូទីបានប្រាប់អាម៉េរិកនៅក្នុងប្រទេសអូម៉ង់កាលពីចុងសប្តាហ៍នេះថា ខ្លួនមិនវាយប្រហារប្រទេសណាទាំងអស់រួមទាំងអស់សហរដ្ឋអាម៉េរិក រឺអ៊ីស្រាអ៊ែល លើកលែងតែអារ៉ាប៊ីសាអូឌីតមួយតែប៉ុណ្ណោះ។ ការអះអាងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រមួយនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម (Red Sea) នៅក្នុងប្រតិបត្តិការវាយលុកដ៏ធំមួយ ដែលបានធ្វើឱ្យកងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបរាជ័យយ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពចំនួន ៣ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចប្រជុំដែលមិនត្រូវបានប្រកាសជាសាធារណៈនេះ បានធ្វើឡើងនៅស្ថានទូតអាមេរិកក្នុងទីក្រុង Muscat។ ប្រភពចំនួន ២ បន្ថែមទៀតបាននិយាយថា រដ្ឋាភិបាលអូម៉ង់ ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។

យ៉ាងណាក៏ដោយយ រដ្ឋបាលរបស់លោក Trump បានកំណត់ក្រុម Houthi ថាជា «អង្គការភេរវករបរទេស» កាលពីខែមីនា ឆ្នាំ ២០២៥ ដែលធ្វើឱ្យការគាំទ្រដល់ក្រុមនេះក្លាយជាទង្វើខុសច្បាប់។ ប៉ុន្តែចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោនបានចរចាជាមួយពួកគេ ដោយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីបានទម្លាក់គ្រាប់បែកលើក្រុមនេះអស់រយៈពេល ២ ខែ ដើម្បីបញ្ឈប់យុទ្ធនាការវាយប្រហារលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម។

លោក Donald Trump បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ក្រុម Houthi បានទូរស័ព្ទមកកាន់រដ្ឋបាលរបស់លោក ដោយស្នើសុំឱ្យសហរដ្ឋអាមេរិកកុំលូកដៃចូលក្នុងសង្គ្រាមយេម៉ែន។ បន្ថែមពីនេះ អនុប្រធានាធិបតី JD Vance ក៏បាននិយាយកាលពីថ្ងៃចន្ទដែរថា សហរដ្ឋអាមេរិកកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

យោងតាមប្រភព នៅក្នុងកិច្ចប្រជុំ ក្រុម Houthi បានប្រាប់មន្ត្រីអាមេរិកថា ពួកគេមិនមានបំណងវាយប្រហារនាវាអាមេរិកទេ ហើយពួកគេប្តេជ្ញាគោរពតាមបទឈប់បាញ់ឆ្នាំ ២០២៥ ជាមួយសហរដ្ឋអាមេរិក។

ដោយបន្ថែមថា ក្រុមប្រដាប់អាវុធនេះនឹងមិនវាយប្រហារនាវារបស់អ៊ីស្រាអែល ឬនាវាពាណិជ្ជកម្មណាមួយឡើយ លើកលែងតែនាវាដែលជារបស់អារ៉ាប៊ីសាអូឌីត។

កាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់ឆ្នេរសមុទ្រក្រហម (Red Sea) របស់ប្រទេសយេម៉ែន រួមទាំងកំពង់ផែប្រវត្តិសាស្ត្រ Mocha និងកោះ Perim ដែលស្ថិតនៅច្រកសមុទ្រ Bab el-Mandeb (ឬហៅថា «ច្រកទ្វារនៃទឹកភ្នែក» ឬ Gate of Tears) នៅត្រង់មាត់សមុទ្រនោះ។

គូររំលឹកថា ក្រុមហ៊ូទីបានដណ្តើមយកទីក្រុងសូណា (Sanaa) ដែលជារដ្ឋធានីរបស់យេម៉ែននៅឆ្នាំ ២០១៤ បានធ្វើសង្គ្រាមប្រឆាំងនឹងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ សង្គ្រាមនេះបានស្ងប់ស្ងាត់ទៅវិញក្រោមបទឈប់បាញ់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញនៅខែកក្កដា នៅពេលដែលក្រុមហ៊ូទីបានប្រកាសបិទផ្លូវនាវាចរណ៍របស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងការដែលអារ៉ាប៊ីសាអូឌីតបានបិទកំពង់ផែរបស់យេម៉ែន។

ក្រោយមក ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាអ្នកដឹកនាំរបស់អារ៉ាប៊ីសាអូឌីត បានទូរស័ព្ទទៅកាន់លោក Trump កាលពីសប្តាហ៍មុន ដើម្បីស្នើសុំការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក ចំពេលដែលក្រុមហ៊ូទីកំពុងវាយលុកចូលកាន់តែជ្រៅទៅមុខយ៉ាងឆាប់រហ័ស។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានប្រាប់ទីក្រុងរីយ៉ាដថា ខ្លួននឹងមិនចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

14 − nine =

ពេញនិយម

Exit mobile version