ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ីគ្រោងអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសវិញ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាកាសនៅថ្ងែទី១៦កញ្ញានេះថា លោកនឹងអញ្ជើញលោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារ និងបច្ចុប្បន្នជាប្រធានាធិបតីស៊ីវិលរបស់មីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីជំរុញដំណើរការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសវិញ។
លោក Anwar បានប្រកាសកាលពីខែកក្កដាថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញចំនួន ៥,០០០នាក់ត្រឡប់ទៅវិញ។ នេះគឺជាយន្តការដ៏កម្រមួយក្នុងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ក្រុមសិទ្ធិមនុស្សនានា។
ប្រទេសម៉ាឡេស៊ីគឺជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២១៥,០០០នាក់ ដែលបានចុះឈ្មោះជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។ ក្នុងនោះរួមមានជនជាតិរ៉ូហ៊ីងយ៉ាជាង ១២៦,០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា ដែលជាក្រុមជនភៀសខ្លួនធំជាងគេនៅក្នុងប្រទេសនេះ។
ប្រទេសទាំងពីរបានលើកឡើងថា ក្រុមទីមួយដែលមានពលរដ្ឋមីយ៉ាន់ម៉ាជិត ១,៥០០នាក់ នឹងត្រូវបញ្ជូនត្រឡប់ទៅវិញដោយស្ម័គ្រចិត្តនៅចុងខែកញ្ញា ទោះបីជាមិនទាន់ច្បាស់លាស់នៅឡើយទេថា តើនឹងមានជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់នៅក្នុងក្រុមនោះ។
លោក Anwar បានបញ្ជាក់ថា វិធានការការទូតនេះមានគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនក្នុងស្រុក។ លោកបន្តថា ការបញ្ជូនត្រឡប់ទៅវិញអាចធ្វើឡើងជាដំណាក់កាលៗ ប្រសិនបើប្រទេសមីយ៉ាន់ម៉ាមិនអាចទទួលយកជនភៀសខ្លួនទាំងអស់ចំនួន ២០០,០០០នាក់ក្នុងពេលតែមួយបានទេ។
ចំពោះផែនការបញ្ជូនត្រឡប់ទៅវិញនេះត្រូវបានប្រកាសឡើង បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីបានឃាត់ខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាង ១០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង ប្រទេសម៉ាឡេស៊ី ដែលជាទីជម្រកសម្រាប់ជនភៀសខ្លួនមួយក្នុងចំណោមក្រុមជនភៀសខ្លួនដែលមានចំនួនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ មិនមែនជាហត្ថលេខីនៃអនុសញ្ញាឆ្នាំ ១៩៥១ ស្តីពីជនភៀសខ្លួននោះទេ ហើយក៏មិនទទួលស្គាល់ជាផ្លូវការនូវឋានៈជាជនភៀសខ្លួនដែរ។
គូសបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលនៃការបង្ក្រាបយ៉ាងឃោរឃៅដោយយោធានៅឆ្នាំ ២០១៧៕