ព័ត៌មានអន្តរជាតិ

អតីត​មេដឹកនាំ​ហ្វីលីពីន លោក Duterte នឹង​ត្រូវ​ចូល​បំភ្លឺ​ក្នុង​​សវនាការ ICC ដើម្បី​វាយតម្លៃ​ថា​តើ​សម​នឹង​ការ​កាត់ទោស​ឃាតកម្ម​ឬ​អត់

Published

on

15 Views

(ទីក្រុងឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ ចាប់តាំងពីត្រូវបានបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃទី១៨ ខែមុន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។​

លោក Duterte ដែលមានអាយុ ៨១ ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មុនពេលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះការបង្កើត ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមឃាតករ (death squads) ដែលកំណត់គោលដៅលើអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន។ លោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេក្នុងខែមីនា ឆ្នាំ២០២៥។

នៅថ្ងៃពុធ ក្រុមចៅក្រមនឹងស្តាប់ការលើកឡើងអំពីស្ថានភាពសុខភាព និងសមត្ថភាពរបស់លោកក្នុងការចូលរួមក្នុងដំណើរការកាត់ក្តី ដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា។ មេធាវីរបស់លោកបានអះអាងថា លោកកំពុងជួបបញ្ហាធ្លាក់ចុះនៃសមត្ថភាពខួរក្បាល (cognitive decline) និងមានសុខភាពមិនល្អគ្រប់គ្រាន់។

យ៉ាងណាម៉ិញ ចៅក្រម ICC បាននិយាយកាលពីខែមករាថា សុខភាពរបស់លោក Duterte មានភាពល្អប្រសើរគ្រប់គ្រាន់សម្រាប់លោកក្នុងការតាមដានដំណើរការក្តី ហើយបានស្នើសុំឱ្យលោកបង្ហាញខ្លួននៅតុលាការផ្ទាល់ ជាជាងការចូលរួមតាមរយៈវីដេអូពីកន្លែងឃុំខ្លួន។

ដីកាចាប់ខ្លួនលោក Duterte ចែងថា លោកទទួលខុសត្រូវចំពោះយុទ្ធនាការសាហាវឃោរឃៅ និងមានលក្ខណៈជាប្រព័ន្ធ ដែលនាំឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់នៅចន្លោះឆ្នាំ ២០១១ និង ២០១៩ រួមទាំងអំឡុងពេលដែលលោកកាន់តំណែងជាអភិបាលក្រុង Davao នៅភាគខាងត្បូងផងដែរ។

ព្រះរាជអាជ្ញារបស់ ICC បានគូសបញ្ជាក់ថា មនុស្សរហូតដល់ ៣០,០០០ នាក់អាចត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ នេះបើតាមរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមប៉ូលិស ជនសង្ស័យចំនួន ៦,២០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ លោក Duterte បានសារភាពថា លោកបានណែនាំប៉ូលិសឱ្យធ្វើសកម្មភាពដើម្បីការពារខ្លួន ហើយបានប្រាប់អ្នកគាំទ្រថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការ «រស់នៅក្នុងគុក» ប្រសិនបើអាចកម្ចាត់គ្រឿងញៀនខុសច្បាប់ចេញពីប្រទេសហ្វីលីពីនបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

twenty + 17 =

ពេញនិយម

Exit mobile version