ព័ត៌មានអន្តរជាតិ

NATO បាញ់ទម្លាក់ដ្រូនសត្រូវនៅដែនអាកាសប្រទេសលីទុយអានី

Published

on

3 Views

យន្តហោះចម្បាំងរបស់ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងនៅពីលើប្រទេសលីទុយអានី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសនៅតំបន់បាល់ទិកមួយនេះកាលពីព្រឹកថ្ងៃអង្គារ ទី១៥កញ្ញានេះ ដែលជាហេតុការណ៍សន្តិសុខដ៏ក្តៅគគុកមួយនៅតំបន់ព្រំដែនភាគខាងកើតនៃសម្ព័ន្ធភាពយោធានេះ ក្នុងអំឡុងពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិក NATO និងមានព្រំដែនជាប់គ្នាវែងជាមួយរុស្ស៊ី តែងតែរាយការណ៍អំពីការហោះចូលដោយខុសច្បាប់នៃយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។

យោងតាមលោក Gitanas Nauseda បានឱ្យដឹងថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលទើបតែហោះចូលមកក្នុងដែនអាកាសលីទុយអានី ត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់ NATO»។

លោកបានបន្ថែមថា «ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ការត្រៀមខ្លួនរួចរាល់បែបនេះគឺមានសារៈសំខាន់ណាស់សម្រាប់តំបន់របស់យើង»។

យោងតាមវិទ្យុជាតិលីទុយអានី (LRT) ដែលដកស្រង់ទិន្នន័យបឋមពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ (NKVC) យន្តហោះគ្មានមនុស្សបើកនោះបានហោះមកពីប្រទេសជិតខាងគឺបេឡារុស ហើយកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច។ ដោយបន្តថា វាបានធ្លាក់នៅក្នុងតំបន់ជនបទមួយក្បែរបឹង Kaunas ដែលស្ថិតនៅចំកណ្តាលប្រទេស។

ជាមួយគ្នានេះលោក Kestutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី បានអរគុណដល់សម្ព័ន្ធមិត្តថា «វត្តមានរបស់ពួកគេជួយការពារដែនអាកាស និងពង្រឹងសន្តិសុខរបស់យើង។ ហើយនេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការអនុវត្តជាក់ស្តែង ដែលផ្ញើសារយ៉ាងច្បាស់ថា NATO នៅតែមានការប្រុងប្រយ័ត្នខ្ពស់ មានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ជានិច្ច»៕

Leave a Reply

Your email address will not be published. Required fields are marked *

12 − 4 =

ពេញនិយម

Exit mobile version