ព័ត៌មានអន្តរជាតិ
សមាជិកព្រឹទ្ធសភាថៃ២៦រូប ក្លែងបន្លំសន្លឹកឆ្នោតបោះឱ្យ អានុទី ជានាយករដ្ឋមន្ត្រី
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ
គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។
បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប និងតួអង្គនយោបាយផ្សេងទៀតចំនួន ១៥រូប ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការបោះឆ្នោត។ យ៉ាងណាក៏ដោយ ឈ្មោះរបស់ពួកគេមិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ។
ជាទូទៅ ព្រឹទ្ធសភាមានតួនាទីពិនិត្យមើលសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភាជាន់ទាប និងតែងតាំងប្រធានស្ថាប័នរដ្ឋាភិបាលសំខាន់ៗ ដូចជាតុលាការធម្មនុញ្ញ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ និងគណៈកម្មការរៀបចំការបោះឆ្នោតជាដើម។
យ៉ាងណាម៉ិញ ការបោះឆ្នោតដែលមានភាពចម្រូងចម្រាសនេះបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារកាលពីមួយទសវត្សរ៍មុន ដែលកាលនោះសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយយោធា។
ជំនួសឱ្យការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋថៃ សមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយបេក្ខជនព្រឹទ្ធសភាផ្សេងទៀត ដើម្បីតំណាងឱ្យវិស័យចំនួន ២០ផ្សេងៗគ្នា រួមមាន វិស័យយុត្តិធម៌ អប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ និងកីឡា។
យោងតាមអ្នកវិភាគ សមាជិកចំនួន ២០០រូបដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការបីជុំនេះ រួមមានអតីតមន្ត្រីរាជការ មន្ត្រីយោធា និងនគរបាលមួយចំនួនធំ ក៏ដូចជាអ្នកគាំទ្រជាច្រើននៃគណបក្សអភិរក្សនិយម Bhumjaithai របស់លោក អានុទីន (Anutin)។
ចំពោះបញ្ហានេះ គណៈកម្មការមានរយៈពេល ៦០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដែលបន្ទាប់មកតុលាការត្រូវសម្រេចចិត្តថាតើនឹងទទួលយកសំណុំរឿងនេះមកជំនុំជម្រះដែរឬទេ។ ប្រសិនបើត្រូវបានរកឃើញថាមានទោស អ្នកប្រព្រឹត្តល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំសម្រាប់បទល្មើសនីមួយៗ ពិន័យជាប្រាក់ ២០០,០០០បាត (៦,០០០ដុល្លារអាមេរិក)។
ទោះបីជាមានការប្រកាសកាត់ទោស និងបាតុកម្មយ៉ាងណាក៏ដោយ ប៉ុន្តែសំណុំរឿងនេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណៈកាលពីថ្ងៃអាទិត្យកន្លងទៅប្រជាជនថៃរាប់រយនាក់បានដើរដង្ហែក្បួននៅក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការចោទប្រកាន់ជាផ្លូវការលើមនុស្សចំនួន ២២៩ នាក់ នៅក្នុងការតវ៉ាមួយដែលរៀបចំឡើងដោយអង្គការឃ្លាំមើល iLaw។
ក្នុងដំណើរបាតុកម្មនោះលោក Yingcheep Atchanont នាយកប្រតិបត្តិនៃអង្គការ iLaw បានសន្យាថានឹងបញ្ចេញឯកសារជាច្រើន ដែលលោកអះអាងថាបានមកពីការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រសិនបើតុលាការកំពូលមិនបើកសវនាការលើសំណុំរឿងនេះទេ៕