ចំណេះដឹងទូទៅ

ការនិយមចូលចិត្តអាហារ fast-food ជះឥទ្ធិពលមិនល្អដល់សុខភាព

Published

on

14 Views

ស៊ីដនី (ស៊ីនហួ)៖ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលមានការពេញចិត្ត និងជាប់ចិត្តខ្លាំងចំពោះម៉ាកយីហោអាហាររហ័ស (fast-food) និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ អាចមានទម្លាប់ទទួលទានអាហារមិនសូវល្អសម្រាប់សុខភាព ទោះបីជាមានការព្រមានអំពីបញ្ហាកង្វះអាហារូបត្ថម្ភក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្មីៗនេះដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (UTS) របស់ប្រទេសអូស្ត្រាលី ការសិក្សានេះបានរកឃើញថា ភាពស្មោះស្ម័គ្រខាងផ្លូវចិត្តចំពោះម៉ាកយីហោអាហាររហ័ស គឺជាកត្តាដ៏សំខាន់មួយដែលអាចព្យាករណ៍ពីកម្រិតនៃការទទួលទានជាតិខ្លាញ់ឆ្អែត និងជាតិស្កររបស់មនុស្ស។

បន្ថែមពីនោះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាចំនួនពីរដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយវាយតម្លៃលើអាកប្បកិរិយារបស់ពួកគេចំពោះម៉ាកយីហោអាហាររហ័ស និងភេសជ្ជៈ ការយល់ឃើញរបស់ពួកគេអំពីគុណភាពសុខភាពនៃផលិតផលទាំងនោះ និងទម្លាប់នៃការទទួលទានអាហារជារួម។

ស្រដៀងគ្នានេះ យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Journal of Health Communication ការទទួលទានអាហារមិនល្អអាចបង្កឱ្យមានបញ្ហាធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន ខណៈដែលយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងក្លារបស់អាជីវកម្មអាហាររហ័ស ក៏អាចរួមចំណែកដល់ជំងឺដែលបណ្តាលមកពីរបបអាហារផងដែរ។

ការស្រាវជ្រាវបានរកឃើញថា អ្នកចូលរួមដែលពេញចិត្តចំពោះម៉ាកយីហោអាហាររហ័ស មិនត្រឹមតែទទួលទានជាតិខ្លាញ់ និងជាតិស្ករច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានទំនោរយល់ឃើញថា ម៉ាកយីហោទាំងនោះមានគុណភាពល្អសម្រាប់សុខភាពជាងធម្មតាផងដែរ។

យ៉ាងណាម៉ិញ លោក Mike Kendig ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ UTS បានលើកឡើងថា «ចំណេះដឹងផ្នែកអាហារូបត្ថម្ភពិតជាមានតួនាទីសំខាន់ ប៉ុន្តែអ្វីដែលជាកត្តាកំណត់ដ៏ខ្លាំងបំផុតចំពោះការវាយតម្លៃលើកម្រិតសុខភាព គឺកម្រិតនៃការពេញចិត្តរបស់ពួកគេចំពោះម៉ាកផលិតផលនោះ»។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានការយល់ដឹងកាន់តែច្រើនអំពីឥទ្ធិពលនៃការធ្វើទីផ្សារអាហារ និងការដាក់កម្រិតឱ្យកាន់តែតឹងរ៉ឹងលើការផ្សាយពាណិជ្ជកម្មអាហារដែលគ្មានគុណភាព (junk food) ដោយលើកឡើងថា ការធ្វើទីផ្សារកំពុងជះឥទ្ធិពលដល់ទម្លាប់នៃការបរិភោគរបស់ប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *

four × five =

ពេញនិយម

Exit mobile version