ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk៖ AI អាចមានគ្រោះថ្នាក់ខ្លាំងជាងអាវុធនុយក្លេអ៊ែរ

Published

on

16 Views


មហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) បានរំឭកថា លោកធ្លាប់បានព្រមានតាំងពី ១២ឆ្នាំមុនមកម៉្លេះថា AI អាចបង្កគ្រោះថ្នាក់ជាងអាវុធនុយក្លេអ៊ែរ ស្របពេលដែលមានការជជែក និងជំរុញឱ្យបន្ថយល្បឿននៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។

កាលពីថ្ងៃទី១២ លោក ដារីអូ អាម៉ូឌី (Dario Amodei) នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានអំពាវនាវឱ្យមានការកាត់បន្ថយល្បឿននៃការអភិវឌ្ឍម៉ូឌែល AI ដោយសារតែមានក្តីបារម្ភពាក់ព័ន្ធនឹងសុវត្ថិភាព។ បន្ទាប់មក លោក អ៊ីឡុន ម៉ាស់ បានបង្ហាញការយល់ស្រប ចំពោះសំណើក្នុងការកាត់បន្ថយល្បឿនអភិវឌ្ឍន៍ AI ទាំងនេះ។​

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Anthropic លោក ជេខុប ខុកសុន (Jacob Coxon) បានប្រកាសលាចេញពីឧស្សាហកម្មបញ្ញាសិប្បនិម្មិត(AI) ដោយសារតែមានការភ័យខ្លាចថា ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កំពុងឆ្ពោះទៅរកចំណុចដែលមិនអាចត្រឡប់ក្រោយវិញបាន ហើយអាចនាំឱ្យកើតមានគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅត្រឹមចុងឆ្នាំ២០២៧។

បន្ថែមពីនោះ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុវត្ថិភាពម្នាក់នៅក្រុមហ៊ុន Anthropic បានព្រមានថា បញ្ញាសិប្បនិម្មិតកំពុងរីកចម្រើនយ៉ាងលឿន រហូតដល់លោកជឿថា មានឱកាសច្រើនជាង ១០% ដែល AI «អាចសម្លាប់មនុស្សទាំងអស់នៅលើផែនដី» នៅក្នុងអំឡុងទសវត្សរ៍ខាងមុខនេះ។

ស្រដៀងគ្នានេះ លោក អ៊ីវ៉ាន ហាប់ប៊ីងហ្គឺ (Evan Hubinger) បានលើកឡើងថា ហានិភ័យដែលកើតចេញពីម៉ូឌែល AI បច្ចុប្បន្នគឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកមានក្តីបារម្ភថា បច្ចេកវិទ្យានេះ អាចនឹងអភិវឌ្ឍ និងកែលម្អខ្លួនឯង នាពេលឆាប់ៗខាងមុខ រហូតដល់ចំណុចមួយដែលវាបង្កើតជាហានិភ័យដ៏ធ្ងន់ធ្ងរដល់ជីវិតរបស់មនុស្សជាតិ។

គូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់ម៉ាស៊ីនអេឡិចត្រូនិកក្នុងការដោះស្រាយបញ្ហា និងធ្វើការងារតាមការកំណត់ដូចមនុស្ស។ បច្ចេកវិទ្យា AI ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៥៦ ប៉ុន្តែការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យានេះត្រូវបានបរាជ័យជាបន្តបន្ទាប់ ក៏បន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានកំពុងរីកដុះដាលយ៉ាងខ្លាំង ទាំងលើផ្នែកស្រាវជ្រាវ និងការដំឡើង (Proof of Concept)៕

Leave a Reply

Your email address will not be published. Required fields are marked *

13 − seven =

ពេញនិយម

Exit mobile version