ព័ត៌មានអន្តរជាតិ
ក្រុមបាតុករថៃ ទាមទារឱ្យតុលាការកាត់ទោសមន្ត្រីពុករលួយ
បាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៣ ខែកញ្ញានេះ បានផ្ទុះឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ ជុំវិញការចោទប្រកាន់អំពីភាពមិនស្អាតស្អំ និងអំពើពុករលួយ របស់គណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់ អនុទីន។
យោងតាមការផ្សាររបស់ The Nation បាតុកម្មនេះ ដឹកនាំដោយអង្គការសង្គមស៊ីវិលផ្នែកច្បាប់ iLaw ដែលមានកិច្ចសហការជាមួយគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន។
វាកើតឡើងមួយថ្ងៃ មុនពេលគណៈកម្មការបោះឆ្នោតថៃ នឹងត្រូវប្រជុំសម្រេចបោះឆ្នោតលើសំណុំរឿងជនសង្ស័យចំនួន ២២៩នាក់ ពាក់ព័ន្ធរឿងអាស្រូវរៀបចំសន្លឹកឆ្នោត ឬការត្រូវរ៉ូវគ្នាជាប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថៃឆ្នាំ២០២៤ ដែលបាតុករជឿថា ករណីនេះអាចនឹងត្រូវទម្លាក់ចោល។
ដូច្នេះហើយ ក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនចម្ងាយ ១១គីឡូម៉ែត្រ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក (BACC) ដើម្បីដាក់សម្ពាធលើគណៈកម្មការបោះឆ្នោតថៃ ឱ្យបញ្ជូនសំណុំរឿងជនសង្ស័យទាំង ២២៩នាក់ ទៅកាន់តុលាការកំពូលដើម្បីកាត់ទោស ខណៈក្នុងនោះក៏រួមមានទាំងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន ១៣៨ រូប និងអ្នកនយោបាយផ្សេងទៀតផងដែរ។
ក្នុងព្រឹត្តិការណ៍នោះក្រុមបាតុករ បានរៀបចំសន្លឹកក្រដាសពណ៌ខៀវ ជានិមិត្តសញ្ញាលេខ ២២៩ ដើម្បីសំដៅទៅលើ «គណបក្សភូមិចៃថៃ» ដែលពួកគេជឿថា មានការពាក់ព័ន្ធធំជាងគេបំផុត ក្នុងរឿងនេះ។
ទន្ទឹមនោះ នាយកប្រតិបត្តិ iLaw លោក Yingcheep Atchanont ប្រកាសថា ប្រសិនបើគណៈកម្មការបោះឆ្នោត សម្រេចមិនបញ្ជូនសំណុំរឿងនេះទៅតុលាការកំពូលទេនោះ iLaw នឹងបញ្ចេញភស្តុតាងជាសាធារណៈទាំងអស់ ទាក់ទងការលួចបន្លំ និងរៀបចំបណ្តាញជាប្រព័ន្ធក្នុងការបោះឆ្នោតព្រឹទ្ធសភាហើយ។
បន្ថែមពីនោះ ប្រសិនបើគណៈកម្មការបោះឆ្នោត ពិតជាទម្លាក់ករណីនេះចោលមែន នោះបាតុកម្មទ្រង់ទ្រាយធំ អាចនឹងផ្ទុះឡើងខ្លាំងជាងនេះទៀត ព្រោះមេបក្សប្រឆាំងលោក Natthaphong Ruengpanyawut បានព្រមានរួចហើយថា ប្រជាជនមិនអាចនៅស្ងៀមឡើយ ចំពោះរឿងអាស្រូវធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ៕