ព័ត៌មានអន្តរជាតិ
៥០ឆ្នាំ! លោក ម៉ៅ សេទុង នៅតែបន្សល់ទុកនូវឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសចិន
(ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។
ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ «បដិវត្តន៍វប្បធម៌» (Cultural Revolution) ដែលជាចលនាមហាជនដ៏វឹកវរមួយដែលលោកបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៦៦។
នៅពេលក្រោយមក បក្សកុម្មុយនីស្តបានថ្កោលទោសបដិវត្តន៍វប្បធម៌ថាជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលលោក ម៉ៅ ត្រូវទទួលខុសត្រូវទាំងអស់ ប៉ុន្តែបក្សនៅតែគោរពលើកតម្កើងរូបលោក ដោយចាត់ទុកថា ស្នាដៃរបស់លោកមានទម្ងន់ធ្ងន់ជាងកំហុសឆ្គងរបស់លោក។
រូបភាពរបស់លោក ម៉ៅ ដែលមានកម្ពស់ ៦ ម៉ែត្រ ត្រូវបានដាក់តាំងបង្ហាញនៅទីលានធានអានមិន (Tiananmen Square) ក្នុងទីក្រុងប៉េកាំង ដែលជាចំណុចកណ្តាលនៃអំណាចនយោបាយចិន។ សាកសពរបស់លោកដែលត្រូវបានរក្សាទុក (ដោយការធ្វើពហុបាលកម្ម) ស្ថិតនៅក្នុងវិមានរំលឹកវិញ្ញាណក្ខន្ធប្រធាន ម៉ៅ (Chairman Mao Memorial Hall) ជាកន្លែងដែលភ្ញៀវទេសចរមកពីទូទាំងប្រទេសតម្រង់ជួរគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធ។
មនុស្សជាច្រើននៅតែគោរពស្រឡាញ់លោក ម៉ៅ ក្នុងនាមជាអ្នកសង្គ្រោះជាតិ។ វិមាននេះបានបន្ថែមម៉ោងបើកដំណើរការសម្រាប់ភ្ញៀវក្នុងថ្ងៃខួបនៅថ្ងៃពុធនេះ ដោយរំពឹងថានឹងមានចំនួនអ្នកទស្សនាកើនឡើង។
ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ លោក ម៉ៅ ដែលមានវ័យចំណាស់ និងមានការសង្ស័យចំពោះអ្នកជុំវិញខ្លួន បានប្រមូលផ្តុំសិស្សនិស្សិត និងអ្នកគាំទ្រឱ្យប្រឆាំងនឹងអ្វីដែលគេចាត់ទុកថាជា «សត្រូវវណ្ណៈ» (class enemies) រួមទាំងមេដឹកនាំដែលត្រូវបានចោទប្រកាន់ថា «ដើរតាមផ្លូវមូលធននិយម»។ សកម្មភាពនេះបានបង្កឱ្យមានភាពវឹកវរដែលបំបែកបំបាក់រចនាសម្ព័ន្ធរដ្ឋបាល ធ្វើឱ្យសេដ្ឋកិច្ចជាប់គាំង និងបង្កឱ្យមានអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។
ទសវត្សរ៍នៃភាពវឹកវរនេះក៏បានបន្សល់ទុកនូវស្លាកស្នាមដ៏ស្មុគស្មាញដល់មេដឹកនាំជំនាន់ក្រោយៗទៀតដែលបន្តវេនពីលោក ម៉ៅ រួមទាំងប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ផងដែរ។
សូមបញ្ជាក់ថា ឪពុករបស់លោក ស៊ី គឺលោក ស៊ី ចុងស៊ុន (Xi Zhongxun) ដែលជាអតីតអនុនាយករដ្ឋមន្ត្រី ត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ ១៩៦៩ ដូចទៅនឹងមនុស្សជាច្រើនទៀតក្នុងជំនាន់របស់លោកដែរ លោក ស៊ី (Xi) ត្រូវបានបញ្ជូនទៅកាន់តំបន់ជនបទ ហើយបានចំណាយពេល ៧ឆ្នាំនៅក្នុងភូមិមួយដែលមានភាពក្រីក្រខ្លាំងនៅភាគពាយព្យនៃប្រទេសចិន៕