ព័ត៌មានអន្តរជាតិ
ប្រទេសថៃ! ប្តីជាបូលីស បាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀននៅសាលារៀន
មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។
យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។
ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។
ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។
យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ Nong Pla Lai បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះ ដែលជានគរបាលក្នុងតំបន់ បានមកដល់សាលារៀននៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយបាននិយាយជាមួយប្រពន្ធរបស់គាត់ មុនពេលបាញ់សម្លាប់នាង។
លោកបន្តថា គ្មានសិស្សណាម្នាក់បានឃើញហេតុការណ៍នេះទេ ដោយសារវាបានកើតឡើងនៅខាងក្រៅថ្នាក់រៀន។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានចាកចេញទៅផ្ទះវិញ ហើយចាប់តាំងពីពេលនោះមក កុមារទាំងអស់ត្រូវបានគេមកទទួលយកទៅផ្ទះអស់ហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook លោក Naris Niramaiwong អភិបាលខេត្ត Chonburi បានបញ្ជាក់ថា កុមារចំនួន ៤៤ នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព រួមជាមួយគ្រូបង្រៀន ៣ នាក់ និងបុគ្គលិក ៣ នាក់ផ្សេងទៀត។
យ៉ាងណាម៉ិញ មូលហេតុនៃហេតុការណ៍នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
កាលពីឆ្នាំ២០២២ អតីតនគរបាលម្នាក់ដែលប្រដាប់ដោយកាំភ្លើង និងកាំបិត បានសម្រុកចូលសាលាមត្តេយ្យមួយនៅភាគខាងជើងប្រទេសថៃ ហើយបានសម្លាប់កុមារ ២៤ នាក់ និងមនុស្សពេញវ័យ ១២នាក់ ដែលជាហេតុការណ៍សម្លាប់រង្គាលដ៏សាហាវបំផុតមួយនៅក្នុងប្រទេសថៃ៕