ព័ត៌មានអន្តរជាតិ
ចិនជម្លៀសមនុស្សជិត៦០ម៉ឺននាក់ ក្រោយព្យុះទីហ្វុង Saudel វាយប្រហារ
គិតត្រឹមថ្ងៃទី៥កញ្ញានេះ ទីស្នាក់ការគ្រប់គ្រងគ្រោះទឹកជំនន់និងជួយសម្រាលគ្រោះរាំងស្ងួត បានជម្លៀសប្រជាពលរដ្ឋសរុបចំនួន ៥៩៩.៣០០ នាក់ចេញពីតំបន់ងាយប្រឈមតាមឆ្នេរសមុទ្រក្នុងខេត្តហ្វូជៀន ភាគខាងកើតរបស់ប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមកនេះ បណ្ដាលមកពីព្យុះទីហ្វុង Saudel ។
មន្ទីរមួយចំនួនក្នុងខេត្តនេះបានជំរុញឲ្យបញ្ចេញកញ្ចប់ថវិកាបន្ទាន់ប្រមាណ ២១០លានយ័ន ឬស្មើនឹងប្រហែល៣១លានដុល្លារអាមេរិកសម្រាប់ការជួយសង្គ្រោះបន្ទាន់ ជួយសម្រាលគ្រោះមហន្តរាយ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយតាមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរ។
ទីស្នាក់ការខាងលើ បានដំឡើងការឆ្លើយតបទឹកជំនន់បន្ទាន់ដល់កម្រិតទី៣ ជាកម្រិតខ្ពស់បំផុតសម្រាប់ការឆ្លើយតបព្យុះទីហ្វុងនេះ។
ព្យុះទីហ្វុង Saudel ក៏បានប៉ះពាល់ដល់ប្រជាជនចំនួន ១២៨.០០០នាក់ ក្នុងស្រុក៥៣ ក្នុងខេត្តជិតខាង ជាំងស៊ី និងបានបង្ខំឲ្យមានការជម្លៀសបន្ទាន់សម្រាប់មនុស្សជិត៨.៧០០នាក់ នៅទីនោះផងដែរ៕