ព័ត៌មានអន្តរជាតិ
កត្តាអ្វីខ្លះធ្វើឱ្យមានការវាយប្រហារផ្ទួនៗ នៅខេត្តភាគខាងត្បូងថៃ?
នៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្មរាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះកាលពីសប្តាហ៍កន្លងទៅ ដែលវាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃត្រឡប់មកចូលតុចរចា។
អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាព នៃការបះបោរដើម្បីបំបែកទឹកដី មុននឹងស្ងប់ស្ងាត់ទៅវិញ។ ក៏ប៉ុន្តែកាលពីសប្តាហ៍កន្លងទៅ ខេត្តទាំង៤ នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សាជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ ៧៨ ករណី ដែលភាគច្រើន ជាការវាយប្រហារ ដែលជាការរៀបគម្រោងទុកជាមុន និងដោយសហការគ្នា។ ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា និងការវាយប្រហារដោយគ្រឿងផ្ទុះ ដូចជាគ្រាប់បែកបង្កៃជាដើម។
ជាទូទៅ ក្រុមវាយប្រហារ បានកំណត់គោលដៅទៅលើអគាររដ្ឋបាលសាធារណៈ ហាងទំនិញ យានយន្ត ព្រមទាំងបង្គោលអគ្គិសនី ឬផ្លូវដែក។ ក្នុងករណីខ្លះ ពួកគេបានបាញ់គ្រាប់ឡើងលើអាកាស ដើម្បីបំភ័យមនុស្ស ឬបង្ខំឱ្យមនុស្សជម្លៀសចេញពីទីកន្លែង មុនពេលដុតបំផ្លាញទីនោះ។
រលកអំពើហិង្សាទាំងនេះ បានកើតឡើងមួយខែបន្ទាប់ពីមានការវាយប្រហារដ៏សាហាវមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តណារ៉ាធីវ៉ាត ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ជាប់ព្រំដែនជាមួយម៉ាឡេស៊ី។ ក្នុងករណីនេះ ក្រុមឧទ្ទាមបះបោរ បានជិះរថយន្តចូលមកបាញ់សម្លាប់ កងទាហានប៉ារ៉ាថៃចំនួន៥នាក់ និងបង្ករបួសជនស៊ីវីល៦នាក់ទៀត។
ជម្លោះបះបោរ២០ឆ្នាំ ស្លាប់៧៨០០នាក់
ជម្លោះនៅភាគខាងត្បូងថៃ តាំងតែពីឆ្នាំ២០០៤ បានផ្តាច់ជីវិតមនុស្សប្រមាណ ៧ ៨០០នាក់ និងរបួសជិត ១៥ ០០០នាក់។ ការកើនឡើងនៃអំពើហិង្សាជាថ្មី ក្នុងអំឡុងពេលនេះ មិនមែនគ្មានហេតុផលនោះទេ។ ដំណើរការចរចាសន្តិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៣ រវាងរដ្ឋាភិបាលក្រុងបាងកក និងក្រុមបំបែកខ្លួន Barisan Revolusi Nasional (BRN) មិនមានការរីកចម្រើនឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយ ជាក់លាក់មួយដែរ។
ទោះបីក្រុមបំបែកខ្លួន Barisan Revolusi Nasional មិនបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីៗទាំងនេះក៏ដោយ តែអ្នកសង្កេតការណ៍មួយចំនួនយល់ថា វាអាចជាការបង្ហាញពីកម្លាំង ដែលមានគោលបំណងដាក់សម្ពាធលើការចរចា។
មុនមានការវាយប្រហារ ភាគីទាំង២ គ្រោងជួបចរចាគ្នានៅខែតុលា ហើយកិច្ចព្រមព្រៀងក្របខណ្ឌបឋមមួយ អាចនឹងត្រូវចុះហត្ថលេខា នៅខែកញ្ញាខាងមុខនេះ។ លោក ថានុត សុវណ្ណអានន្ត មន្ត្រីរដ្ឋាភិបាលថៃ ប្រធានក្រុមចរចាសន្តិភាពជាមួយក្រុមបះបោរខាងត្បូង បានលើកឡើងថា ក្រុមឧទ្ទាមកំពុងចង់សាកល្បងកម្លាំងរបស់សមត្ថកិច្ច ដើម្បីរកចំណុចខ្សោយ ហើយអាចមានប្រៀបក្នុងពេលចរចា។
ដោយឡែក លោកស្រី រុងរ៉ាវី ឆាលើមស៊ីពីនយ៉ារ៉ាត់ សាស្ត្រាចារ្យនៅសកលវិទ្យាល័យនគរិន្ទ្រសុងក្លា បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃ ពិតជាចង់ឃើញការផ្លាស់ប្តូរជាក់ស្តែង ក្នុងដំណើរការដោះស្រាយវិបត្តិ នោះបាងកក ត្រូវតែត្រៀមធ្វើចិត្តសម្បទាននយោបាយ។ ក្រុមបះបោរ រិះរកវិធីដាក់សម្ពាធ ព្រោះពួកគេលែងទុកចិត្តរដ្ឋាភិបាលបាងកក ដែលគិតតែប្រើកម្លាំង ជាជាងការរិះរកយន្តការផ្តល់អធិបតេយ្យភាពមូលដ្ឋានខ្លះ មកឲ្យខេត្តរបស់ពួកគេ។
បញ្ហាសន្តិសុខ ឬបញ្ហានយោបាយ?
គួរកត់សម្គាល់ថា មានទស្សនៈ២ផ្ទុយគ្នា ទាក់ទិននឹងវិបត្តិនេះ។ រដ្ឋាភិបាលថៃ ចាត់ទុក អំពើហិង្សានេះ ថាជាបញ្ហាសន្តិសុខ ដែលត្រូវដោះស្រាយដោយកម្លាំងបង្ក្រាប តែក្រុមបះបោរវិញ បានសង្កត់ធ្ងន់ ទៅលើឫសគល់នយោបាយ ដែលបណ្តាលឲ្យមានជម្លោះនេះ។ សាររបស់ក្រុមបះបោរ គឺថាការឆ្លើយតបដោយកម្លាំងយោធាអស់រយៈពេល២០ ឆ្នាំមកហើយ មិនអាចបញ្ចប់ការបះបោរបានទេ។ ជាក់ស្តែង អាជ្ញាធរថៃ ក៏បានទទួលស្គាល់ដោយប្រយោលដែរថា មានចំណុចខ្វះខាតផ្នែកសន្តិសុខ ទើបបណ្តោយឲ្យការវាយប្រហារផ្ទួនៗ ជាង៧០ករណីថ្មីៗនេះ។
សូមបញ្ជាក់ដែរថា តំបន់មួយផ្នែកធំនៃភាគខាងត្បូងថៃ បានស្ថិតក្រោមរបបសន្តិសុខពិសេសរួចទៅហើយ។ អាជ្ញាធរថៃ បានប្រកាសស្ថានភាពអាសន្ន នៅក្នុងខេត្ត ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត។ នៅខេត្តទាំងបីនេះ ប្រជាជនភាគច្រើនដែលជាអ្នកកាន់សាសនាអ៊ីស្លាម និងមានដើមកំណើតជាជនជាតិម៉ាឡេ បានត្អូញត្អែរថា ពួកគេត្រូវបានគេរើសអើង និងដាក់ឱ្យនៅក្រៅសង្គម មិនថាវប្បធម៌ ភាសា និងសេដ្ឋកិច្ច។
សមត្ថកិច្ចយោធានិងតម្រួតថៃ បានដាក់ទីតាំងរនាំងការពារសន្តិសុខច្រើនកន្លែង។ ការឆែកឆេរផ្ទះ និងទីតាំងផ្សេងៗ តែងកើតមានជាញឹកញាប់ ខណៈអង្គការមិនមែនរដ្ឋាភិបាល តែងតែរិះគន់អំពីការចាប់ឃុំខ្លួនមនុស្ស ដោយគ្មានមូលហេតុត្រឹមត្រូវ។
ការដាក់ពង្រាយកងកម្លាំងយោធាច្រើនស្អេកស្កះ នៅតំបន់ភាគខាងត្បូងថៃ មិនត្រឹមតែមិនអាចដោះស្រាយជម្លោះជាតិសាសន៍ និងចរន្តគំនិតជាតិនិយមនេះបានទេ ប៉ុន្តែថែមទាំងមិនអាចស្តារឡើងវិញ នូវទំនុកចិត្តរបស់ប្រជាជនបានថែមទៀត។ ផ្ទុយទៅវិញ វិធានការសន្តិសុខបែបនេះ បានបង្កើនការមិនទុកចិត្ត និងការអាក់អន់ចិត្តកាន់តែខ្លាំង ពីសំណាក់ប្រជាជនមូលដ្ឋាន ចំពោះរដ្ឋាភិបាលថៃ៕