ព័ត៌មានអន្តរជាតិ

អាម៉េរិកប្រកាសបិទផ្លូវចរចាជាមួយអ៊ីរ៉ង់

Published

on

54 Views

អាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នមិនស្ថិតនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ប៉ុន្តែរាល់ជម្រើសទាំងអស់នៅតែស្ថិតនៅលើតុដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងកាលពីថ្ងៃទី២៧ ខែសីហា ។
លោកស្រី Leavitt បានលើកឡើងថា «អ្វីដែលជាគោលដៅលេខមួយរបស់ប្រធានាធិបតី ត្រាំ តាំងពីដើមរហូតមក គឺការធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ហេតុដូច្នេះហើយ ទើបយើងបានដាក់ចេញនូវប្រតិបត្តិការ «Epic Fury» ដើម្បីកម្ទេចយោធារបស់ពួកគេ ហើយឥឡូវនេះ យើងមានប្រតិបត្តិការ «Economic Outcast» ដើម្បីកម្ទេចសេដ្ឋកិច្ចរបស់ពួកគេបន្ថែមទៀត»។
លោកស្រីបានបន្តថា «គ្មានការចរចាណាមួយកំពុងកើតឡើងនោះទេនាពេលនេះ ហើយវានឹងបន្តរហូតដល់ប្រធានាធិបតីមានអារម្មណ៍ថា ពួកគេប្រហែលជាចូលមកតុចរចាក្នុងន័យស្ថាបនា ដែលមកទល់ពេលនេះយើងមិនទាន់បានឃើញនៅឡើយទេ។ ជាការពិតណាស់ លោកនៅតែបន្តរក្សាទុកនូវគ្រប់ជម្រើសទាំងអស់នៅលើតុ ហើយការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹក ក៏នៅតែមានប្រសិទ្ធភាពដដែល»។
កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានព្រមានបណ្តាប្រទេសនានាឲ្យកាត់ផ្ដាច់ទំនាក់ទំនងហិរញ្ញវត្ថុរបស់ពួកគេជាមួយអ៊ីរ៉ង់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់បន្សំ ដែលនេះជាផ្នែកមួយនៃអ្វីដែលត្រូវបានគេហៅថា «ថ្ងៃ D-Day ផ្នែកសេដ្ឋកិច្ច» ប៉ុន្តែក្រសួងហិរញ្ញវត្ថុមិនទាន់បានដាក់ទណ្ឌកម្មជាក់ស្តែងនៅឡើយទេ។
ដោយឡែក នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការទូតឡើងវិញ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការសន្យារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ច ដែលជាទង្វើដែលមន្ត្រីអ៊ីរ៉ង់ម្នាក់បានពិពណ៌នាថាជា «សង្គ្រាមសេដ្ឋកិច្ចពេញទំហឹង»៕

Leave a Reply

Your email address will not be published. Required fields are marked *

six + 16 =

ពេញនិយម

Exit mobile version